ដើម្បីកែសម្រួលបន្ថែម និងដុះខាត់មុខមាត់របស់រាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសចេញនូវគម្រោងថ្មីមួយ ជាសាធារណៈ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានដឹង អំពីការចាប់ផ្តើម រៀបចំផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កាលពីព្រឹក ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញបានដឹកនាំប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង (Walk Street) ដើម្បីអនុវត្តគម្រោងផ្លូវថ្មើរជើងមួយនេះឱ្យចេញជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង។ ស្ថិតក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេងបញ្ជាក់ថា “គម្រោងបង្កើតផ្លូវថ្មើរជើងនេះនឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយដើរស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ និងទស្សនាទេសភាពទន្លេ ៤មុខដ៏ស្រស់ត្រកាលដោយគ្មានប្រទេសណាមានដូច”។
ក្រៅពីនេះ លោកអភិបាលក៏ បានធ្វើការណែនាំដល់ក្រុមការងារឲ្យធ្វើការសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្តឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ ព្រោះថាផ្លូវថ្មើរជើង (Walk Street) នៅតំបន់នេះ ពិតជាមានសារៈខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍សម្រាប់ធ្វើដំណើរឆ្លងកាត់ ហើយក៏ជាតំបន់ប្រមូលប្តុំដោយពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ។ ម្យ៉ាងទៀតវានឹងជួយសម្រួលដល់ចរាចរណ៍នៅក្នុងក្រុង កំពុងមានភាពមមាញឹក និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនៅក្នុងរាជធានីភ្នំពេញទៀតផង។គម្រោងផ្លូវថ្មើជើងតាមមាត់ទន្លេនេះ នឹងត្រូវធ្វើឡើងចែកចេញជា ២ដំណាក់កាល គឺដំណាក់កាលជំហានទី១ មានប្រវែង ៩៥០ម៉ែត្រ ចាប់ពីខាងមុខសាលចតុមុខ រហូតដល់ស្ពានកោះពេជ្រ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ និងដំណាក់កាលទី២ គឺផ្លូវថ្មើជើងបន្តពីស្ពានកោះពេជ្រ ដល់ស្ពានព្រះមុនីវង្សបាននឹងកំពុងដំណើរការសាងសង់ហើយ។
គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវសម្រាប់ដើរនៅក្នុងរាជធានីភ្នំពញគ្រោងសាងសង់ មានទទឹងចាប់ពី ៦ម៉ែត្រ ទៅ១៥ម៉ែត្រ ដើម្បីបន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ដែលទៅកម្សាន្ត ហាត់ប្រាណតាមមាត់ទន្លេផងដែរ។ យ៉ាងណាមិញ លោកអភិបាលក្រុង ពុំបានបញ្ជាក់ឲ្យបានស៊ីជម្រៅ ថាតើគម្រោងថ្មីនេះ នឹងចំនាយពេលវេលាប៉ុន្មាន ដើម្បីសាងសង់ ក៏ដូចជាទឹកប្រាក់ ដែលត្រូវចំនាយនោះទេ។