ផ្លូវជាតិលេខ៣៣ និងលេខ៣១ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នឹងបើកការដ្ឋាន សាងសង់ឆាប់ៗនេះ ដែលវាទាំងពីរនឹងជា ផ្លូវរបៀងសេដ្ឋកិច្ច ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា


គម្រោងធ្វើអោយប្រសើរឡើងវិញ នូវផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប្រធានគ្រប់គ្រងគម្រោង (PMU) ដាក់ផែនការ ត្រៀមបើកការដ្ឋានសាងសង់ឡើងវិញ នៅក្នុងពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

យោងតាមប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងធ្វើអោយ ប្រសើរឡើងវិញ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ ស្ថិតក្នុងគម្រោងអាទិភាព របស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ខេត្ត ជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ខណៈដែលខេត្តព្រះសីហនុ នឹងក្លាយទៅជា ប៉ូលសេដ្ឋកិច្ចពហុបំណង និងតំបន់សេដ្ឋកិច្ចពិសេសវៃឆ្លាត ក្រោយពីគម្រោងសាងសង់ផ្លូវក្រុង៣៤ ខ្សែ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងការពង្រីកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុជាដើម។

ផ្លូវជាតិលេខ៣១ ត្រូវបានចាប់ផ្ដើមពីបែកគូស ទៅកំពង់ត្រាច ខេត្តកំពត ចំណែកឯផ្លូវជាតិលេខ៣៣ ចាប់ផ្ដើមពីក្រុងកែប មកកំពង់ត្រាច ខេត្តកំពត សុទ្ធសឹងជាផ្លូវធ្វើដំណើរដ៏សំខាន់ នៃភាគខាងត្បូង ទាំងការដឹកជញ្ជូនទំនិញ ការធ្វើដំណើរប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ ហើយផ្លូវជាតិលេខ៤១ ប្រវែង ១០០ គីឡូម៉ែត្រ ពីខេត្តកំពង់ស្ពឺ មកដល់ស្រុកជុំគិរី ខេត្តកំពត ក៏ស្ថិតនៅក្នុងគម្រោងអាទិភាព ត្រៀមសាងសង់ឡើងវិញផងដែរ។

ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នឹងត្រូវពង្រីកទំហំទទឹង លើកកម្រិតគុណភាពពីកៅស៊ូ DBST ទៅជាកៅស៊ូ AC រួមទាំងការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូសងខាងផ្លូវជាដើម។ ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹង នៅតែបន្ដកសាង ពង្រីកផ្លូវអោយបានច្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយ ការចំណាយច្រើន ក្នុងការដឹកជញ្ជូន និងបង្កើនឱកាសការដឹកជញ្ជូនទំនិញ កាន់តែប្រសើរនិងរហ័ស ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ អភិវឌ្ឍន៍វិស័យភស្ដុភារ។ លើសពីនេះទៀត អ្នកជំនាញមើលឃើញថា ការធ្វើអោយប្រសើរឡើង នូវផ្លូវជាតិលេខ៣១ និង ៣៣ នឹងរួមចំណែកសម្រួល ការធ្វើដំណើរ បង្កើនឱកាសការអភិវឌ្ឍន៍ ទាក់ទាញទុនវិនិយោគ ដែលជំរុញតម្លៃដីធ្លី អោយកើនឡើងមួយកម្រិតទៀតដែរ។