ក្រសួងព្រះបរមរាជវាំង បានសាងសង់ រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួន ព្រះរាជដំណាក់ក្រុងសៀមរាប។ ទ្រង់ទ្រាយមុខមាត់ នៃរូបសំណាកទាំងនេះ គឺសូននិងច្នៃឡើង តាមទម្រង់មុខ អត្តចរិតខ្មែរបុរាណសុទ្ធសាធ ទៅតាមសម័យកាល ដែលមេទ័ពនោះរស់នៅ និងបម្រើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។ ថ្វីត្បិតតែជាសមិទ្ធផល នៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃ ដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាម ឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពី ប្រវត្តិសាស្ត្រយើងនោះឡើយ។
ការជួសជុលពង្រីក កែលម្អរបង និងសួនផ្កាបន្ថែមនេះ គឺបង្វែរទិសចរាចរណ៍ឆ្លងកាត់ ទៅមករបស់ ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាព ព្រះមហាក្សត្រ ដោយសារតែព្រះរាជដំណាក់ មានទីតាំងនៅកៀកជិត នឹងផ្លូវជាតិ ម្យ៉ាងទៀតចំណុចតំបន់នេះ ជាទីតាំងប្រវត្តិសាស្ត្រដែល ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យ ជូនជាតិមាតុភូមិពីអាណានិគមបារាំង នៅក្នុងព្រះរាជដំណាក់តូចនេះ ផងដែរ។ សូមជម្រាបជូនថា ក្រសួងព្រះបរមរាជវាំង បានចាត់ទុក ព្រះរាជដំណាក់ និងព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាបនេះ ជាទីដ៏ពិសិដ្ឋមួយដូចគ្នា ទៅនឹងព្រះវិហារព្រះកែវមរកត ក្នុងព្រះបរមរាជវាំងនៅ រាជធានីភ្នំពេញ ដែលគួរទទួលបាន នូវការការពារ មានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលទាមទារឱ្យមាន ការរៀបចំបរិស្ថានជុំវិញទីនេះ មានសោភ័ណភាពបៃតងស្រស់ មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងការពាររពារនូវ សុខសុវត្ថិភាពជាចម្បង។
យ៉ាងណាក្តី ក៏មិនបានកាត់ផ្តាច់ទំនាក់ទំនង លំហូរនៃការមកគោរពបូជា បន់ស្រន់ដោយថ្មើរជើង នៅព្រះ វិហារ ព្រះអង្គចេកព្រះអង្គចម លោកយាយទេព និងដើរទស្សនាក្នុង សួនព្រះរាជដំណាក់នេះនោះទេ ពោលគឺសាធារណជនទូទៅ ភ្ញៀវជាតិ និងបរទេស អាចចូលមកទស្សនា និងគោរពបូជា បានជាធម្មតា។ លោកជំទាវ ក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមថា ការកសាងសូនឱ្យចេញជា រូបរាងនៃមេទ័ពទាំងនេះ គឺធ្វើឡើងថ្វាយក្នុងរជ្ជកាល ព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាស្នាដៃថ្មីនៃកូនខ្មែរ ក្នុងរជ្ជកាលនេះ ដើម្បីទុកជូន កូនខ្មែរជំនាន់ក្រោយៗ បានដឹង ស្គាល់នូវមេទ័ពខ្មែរទាំងនេះ ដែលពួកគាត់បានធ្វើពលិកម្ម លះបង់កម្លាំងកាយចិត្ត អាយុជីវិត ដើម្បីការពារជាតិ ការពារទឹកដី នៃមហានគរខ្មែររបស់យើង ដូចនេះពួកគាត់គួរបាន ទទួលការគោរព និងកត់ត្រាទុកបន្ថែមទៀត។ ក្រសួង ចង់បង្ហាញដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ថា រូបសំណាកទាំងនេះ ជាស្នាដៃសិល្ប:ចម្លាក់សម័យថ្មី ផ្អែកលើឯកសារប្រវត្តិបុរាណ និងសិលាចារិករបស់ខ្មែរ។
បន្ថែមពីនេះ នៅពេលខាងមុខ ក្រសួងនឹងបោះពុម្ព ជាផ្លូវការនូវសៀវភៅ ប្រវត្តិមេទ័ពទាំងអស់នេះ សម្រាប់ឱ្យមហាជនទូទៅ នរ:វិទូឬអ្នកស្រាវជ្រាវ អាចស្រាវជ្រាវ សិក្សាស្វែងយល់ បានគ្រប់ៗគ្នា៕