ក្នុងឱកាសអញ្ជើញចូលជួប សំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក Lee Seonhak នាយកប្រតិបត្តិក្រុមហ៊ុន លី ឡូវ Development បានដឹកនាំ តំណាងក្រុមហ៊ុន អភិវឌ្ឍវិស័យ ថាមពលអគ្គិសនី នៃសាធារណរដ្ឋកូរ៉េ ដែលកំពុងធ្វើអាជីវកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជិត១០ឆ្នាំ មកហើយ ដើម្បីបង្ហាញពីបទពិសោធន៍ការងារ របស់ក្រុមហ៊ុនដែលបាន អនុវត្តជាបន្តបន្ទាប់មកនេះ។
លោកបន្ដថា ក្រុមហ៊ុនរបស់សាធារណរដ្ឋកូរ៉េ ចង់មកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយសារ ពិនិត្យឃើញថា កម្ពុជា មានសក្តានុពលច្រើន ហើយក្នុងឱកាសនេះ ក្រុមហ៊ុនកូរ៉េ មានគោលបំណង យកគំរូពិសោធន៍ ប្រព័ន្ធសន្និសីទតាមវីដេអូ ដែលជាប្រព័ន្ធមួយធានាសុវត្ថិភាព ល្បឿន និងធានាគុណភាពខ្ពស់។ ជាមួយនេះដែរ ក្រុមហ៊ុនក៏ធ្វើការវិនិយោគ លើការផលិតគ្រឿងបរិក្ខា ផ្ទុកនិងបញ្ជូនអគ្គិសនី ដែលអាចធ្វើ ការផលិតជាអាគុយស្ងួត ការបញ្ជូនភ្លើងអគ្គិសនី តាមខ្សែភ្លើងពីកន្លែងមួយ ទៅកន្លែងមួយ បានដោយសុវត្ថិភាព។
ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានការអរគុណដល់ ក្រុមហ៊ុនរបស់សាធារណរដ្ឋកូរ៉េ ដែលមានគោលបំណង ចង់មកធ្វើវិនិយោគ ក្នុងវិស័យថាមពលអគ្គិសនី នៅកម្ពុជា ហើយក្រសួងព័ត៌មាន នឹងធ្វើការពិនិត្យលើ សំណើមួយចំនួន របស់ក្រុមហ៊ុន ដើម្បីបញ្ជូនទៅក្រសួងរ៉ែ និងថាមពល ដែលមានជំនាញ ក្នុងការពិនិត្យ ឆ្លើយតបវិញបាន ទាក់ទងនឹងសំណើខាងលើនេះ៕