ហុងកុង៖ វារីអគ្គិសនីធំជាងគេទី២ ក្នុងប្រទេសចិន បានបញ្ចប់ការសាងសង់ ជាស្ថាពរហើយ បន្ទាប់ពីចំនាយពេលសាងសង់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ សមិទ្ឋផលថ្មីនេះ គឺជាការឆ្លើយតបដ៏សំខាន់មួយ នៅក្នុងវិស័យថាមពលរបស់ចិន ដែលមានកង្វះខាត នៅតាមតំបន់ជិតឆ្ងាយលើផ្ទៃប្រទេស ពិសេសទិសដៅឆ្ពោះទៅកាន់ឆ្នាំ ២០៦០ ខាងមុខ។
វារីអគ្គិសនីថ្មីមួយផ្សេងទៀត របស់ចិន មានឈ្មោះហៅជាផ្លូវការថា Baihetan បានបញ្ចប់ការសាងសង់ ជាស្ថាពរហើយនាថ្ងៃអង្គារនេះ បន្ទាប់ពីដុំអគ្គិសនី ឬម៉ាស៊ីនភ្លើងចុងក្រោយគេ បានតភ្ជាប់ទៅកាន់ខ្សែភ្លើងចរន្ត របស់ជាតិរួចរាល់ និងអាចនឹងបើកឱ្យ ធ្វើតេស្ដសាកល្បង នាពេលដ៏ខ្លីខាងមុខនេះ។ វារីអគ្គិសនីខ្នាតយក្សមួយនេះ ត្រូវបានសាងសង់ឡើង នៅតាមបណ្ដោយទន្លេ Yangtze ស្ថិតនៅតំបន់ខាងលើ ដែលបង្កើតថាមពលអគ្គិសនី ដោយប្រើប្រាស់កម្លាំងទឹកហូរ។
វារីអគ្គិសនី Baihetan បំពាក់មកជាមួយមូទ័រ កម្លាំង ១ ជីហ្គាវ៉ាត់ ចំនួន ១៦ គ្រាប់ ដែលតាមការវាយតម្លៃ វាមានសមត្ថភាព អាចផលិតថាមពលអគ្គិសនី ក្នុងអានុភាពកម្លាំង ៦២,៤៤ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងរយៈពេល១ឆ្នាំ។ សមត្ថភាពផលិតថាមពលនេះ គឺស្មើនឹងការដុតធ្យូងថ្មប្រមាណ ៩០,៤៥ លានតោនក្នុង១ឆ្នាំៗ ពោលគឺចិន អាចកាត់បន្ថយ ការបំភាយឧស្ម័នពុល ចូលទៅក្នុងបរិយាកាសបរិមាណ ២៤៨,៤ លានតោន ក្នុងមួយឆ្នាំៗទៀតផង។
វារីអគ្គិសនី Baihetan បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីឆ្នាំ២០១៧ កន្លងទៅ តែត្រូវប្រឈមមុខ ជាមួយបញ្ហាផ្សេងៗក្នុង អំឡុងពេលផ្ទុះជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ និង២០២១ កន្លងទៅ។ ម្យ៉ាងទៀត វាគឺជាគម្រោងស្ថិតក្នុង ចក្ខុវិស័យវែងឆ្ងាយរបស់ចិន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល ដែលពិភពលោក កំពុងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ ស្របពេលចិនអះអាងថា នឹងកែប្រែខ្លួនទៅជា ប្រទេសគ្មានឧស្ម័នពុល នាឆ្នាំ២០៦០។
គួរបញ្ជាក់ថា វារីអគ្គិសនីនេះប្រើប្រាស់ កញ្ចប់ថវិកាជាតិរបស់ចិន ក្នុងការចំនាយទុនសាងសង់សរុប ១៧០ពាន់លានយេន ឬប្រមាណ ២៤,៣៨ ពាន់លានដុល្លារអាមេរិក ក្នុងគោលដៅផ្គត់ផ្គង់ថាមពល ឆ្ពោះទៅកាន់ភាគខាងកើត ប្រទេសចិនបច្ចុប្បន្ន ដែលមានបណ្ដាខេត្តជាច្រើន៕