ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង មានភាពល្អប្រសើរឡើង បានបន្តិច បើធៀបទៅនឹងឆ្នាំ២០២១ កន្លងទៅ ដោយលទ្ធផលបូកសរុប បង្ហាញថារយៈពេល ១០ខែ កន្លងទៅនេះ ទំហំពាណិជ្ជកម្ មរវាងប្រទេសទាំង ២ សម្រេចបានជាង ៦៥៩ លានដុល្លារអាមេរិក។
យោងតាមទិន្នន័យបូកសរុប ចេញផ្សាយដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលរាប់បញ្ចូលទាំងការនាំចេញ និងការនាំចូល សម្រេចបានជា ទឹកប្រាក់សរុបប្រមាណ ៦៥៩ លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កន្លងទៅ។ ទំហំពាណិជ្ជកម្មនេះ គឺជាអត្រាកំណើន ៤% បើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ កន្លងទៅ ដែលនេះសបង្ហាញ ឱ្យឃើញថា ពាណិជ្ជកម្មរវាងរដ្ឋទាំង ២ ចាប់ផ្ដើមល្អជាងឆ្នាំមុន។
ជាមួយគ្នានោះដែរ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បន្ទាប់ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ហៅកាត់ថា (CKFTA) ចូលជាធរមានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ ឬត្រឹមថ្ងៃទី២០ ខែធ្នូ ឃើញថាទំហំពាណិជ្ជកម្ម មានចំនួនសរុប ០,៥ លានដុល្លារ ឬ ៥០ម៉ឺនដុល្លារអាមេរិករួចទៅហើយ។ តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនេះ កម្ពុជា និងកូរ៉េខាងត្បូង មានក្ដីរំពឹងយ៉ាងមុតម៉ាំថា នឹងជួយទៅដល់ វិស័យពាណិជ្ជកម្មឱ្យ កាន់តែប្រសើរឡើងនាឆ្នាំក្រោយនេះ ទាំងការនាំចេញ ការនាំចូល និងការចូលមកវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត។
គួររំលឹកផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០ កន្លងទៅសម្រេចបាន ទឹកប្រាក់សរុប ៧៧២ លានដុល្លារអាមេរិក កើនឡើងខ្ពស់ជាងឆ្នាំ២០១៩ ប្រមាណ ៦% ដែលមានតែ ៧២៩ លានដុល្លារអាមេរិកប៉ុណ្ណោះ។ យ៉ាងណាមិញចំនួននេះ បានថមថយទៅវិញ កាលពីឆ្នាំ២០២១ ដោយសារតែ វិបត្តិនៃជំងឺកូវីដ ១៩ តែសម្រាប់ឆ្នាំ២០២២ ពិសេសក្នុងឆ្នាំ២០២៣ ខាងមុខ រដ្ឋាភិបាលទាំង ២ រំពឹងថា នឹងមានសន្ទុះកំណើន ផ្នែកពាណិជ្ជកម្មកាន់តែ ប្រសើរឡើងដោយសារតែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕