ផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៣


ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាផ្លូវយុទ្ធសាស្ត្រជុំវិញរាជធានីភ្នំពេញ ឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់បំផុត សម្រាប់បញ្ជៀស ការធ្វើដំណើររថយន្ដធុនធ្ងន់ ក្នុងទីក្រុង និងបម្រើវិស័យដឹកជញ្ជូនទំនិញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ ដែលគិតមកទល់ពេលនេះ សម្រេចការងារបាន ៨០% មកហើយ គ្រោងនឹងបញ្ចប់ទាំងស្រុង នៅខែកញ្ញ ឆ្នាំ២០២៣។

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ គិតចាប់ពីវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតទៅដល់ កំពង់ផែស្វយ័តភ្នំពេញ (ចំណុចប្រសព្វផ្លូវជាតិលេខ១) មានប្រវែងសរុប ៥៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេ មានប្រវែង ៤៧ គីឡូម៉ែត្រ ទទឹង ២២ ម៉ែត្រទៅដល់ ២៧ ម៉ែត្រអាចបើកបរបាន ៤ គន្លងរថយន្ដ (២ ទៅ ២ មក) ជាប្រភេទផ្លូវក្រាលបេតុង សសៃដែក កម្រាស់ ២២ សង់ទីម៉ែត្រ ចំណែកផ្លូវខ្នែងជាង ៥ គីឡូម៉ែត្រនឹងត្រូវ ក្រាលបេតុងកៅស៊ូ AC។ គម្រោងនេះ មានសាងសង់ស្ពានអាកាសចំនួន ៤ និងស្ពានឆ្លងទន្លេចំនួន ២ ដោយស្ពានអាកាស ឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១ ហើយស្ពានអាកាស ៤ ទិសឆ្លងកាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ព្រមទាំងស្ពានឆ្លងទន្លេបាសាក់ ឆ្លងកាត់កោះអន្លង់ចិន ខាងលិច និងខាងកើតផងដែរ។

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានពន្យាពេលយឺត ជាងផែនការរយៈពេល ១ ឆ្នាំ ដោយសារការដោះស្រាយ ផលប៉ះពាល់លើដី និងផ្ទះរបស់ប្រជាពលរដ្ឋ គួបផ្សំជាមួយនឹង វិបត្តិជំងឺកូវីដ-១៩ ដែលបានបង្អាក់ការសាងសង់ ការដឹកជញ្ជូនសម្ភារៈ និងការបិទខ្ទប់កាលពី ពេលកន្លងទៅជាដើម។

យ៉ាងណាមិញ ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ជាមួយនឹងផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀបសេដ្ឋកិច្ច របស់មហាអនុតំបន់ទន្លេមេគង្គ ដែលរួមចំណែកសម្រួល ដល់ការដឹកជញ្ជូនទំនិញចេញចូល-រាជរាជធានីភ្នំពេញ និងកំពង់ផែស្វយ័តភ្នំពេញ ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្ដុភារកម្មតំបន់។ បន្ថែមពីនេះ ផ្លូវក្រវ៉ាតត់ក្រុងទី៣ ជាផ្លូវចរន្ដសេដ្ឋកិច្ច ដែលជំរុញដល់ការអភិវឌ្ឍន៍ និងតម្លៃអចលនទ្រព្យ កើនឡើងខ្ពស់មួយកម្រិតទៀត ជាពិសេសការសាងសង់រោងចក្រ-ឧស្សាហកម្ម ឃ្លាំងទំនិញភស្ដុភារកម្ម និងលំនៅដ្ឋានបុរី ជាដើម។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណាយថវិកាប្រមាណ ៣០០ លានដុល្លារ ដោយក្នុងនោះថវិកា ២៧៣ លានដុល្លារ គឺជាហរិញ្ញប្បទានពី ប្រទេសចិន និងថវិកាប្រមាណ ៣០ លានដុល្លារផ្សេងទៀត ជាហិរញ្ញប្បទានពី រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ ត្រូវបានអនុវត្តសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន បើកការដ្ឋានកាលពីខែមករា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៣។