យោងតាមរបាយការណ៍ប៉ាន់ស្មាន ដែលចេញផ្សាយដោយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) ប្រចាំប្រទេសិង្ហបុរី បានបង្ហាញឲ្យដឹងថា សេដ្ឋកិច្ចសរុបក្នុងឆ្នាំ 2022 របស់ប្រទេសខ្លួន បានកើនឡើងត្រឹមតែ 3.8 ភាគរយប៉ុណ្ណោះ ដែលជាការធ្លាក់ចុះស្ទើរ តែពាក់កណ្ដាល ធៀបទៅនឹងកំណើនឆ្នាំ 2021 ដែលមានរហូតដល់ទៅ 7.6 ភាគរយ។ តែយ៉ាងណាមិញ ចំនួននៃការធ្លាក់ចុះនេះ ក៏លើសពីការរំពឹងទុកបន្តិច របស់សិង្ហបុរីផងដែរ ដោយធ្លាប់បានព្យាករណ៍ពីមុនថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសខ្លួនក្នុងឆ្នាំ 2022 ដែលនឹងមានប្រហែល 3.5 ភាគរយ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) ប្រចាំប្រទេសិង្ហបុរី បានលើកឡើងដែរថា ការធ្លាក់ចុះនេះ គឺដោយសារតែការធ្លាក់ចុះ នៃទិន្នផលនៅក្នុងចង្កោម ផលិតកម្មអេឡិចត្រូនិក គីមី និងជីវវេជ្ជសាស្ត្រ មានកាន់តែខ្លាំង ដែលធ្វើឲ្យទិន្នផល នៅក្នុងចង្កោមផលិតកម្មផ្សេងទៀត ដូចជាវិស្វកម្មភាពជាក់លាក់ និងវិស្វកម្មដឹកជញ្ជូន ធ្លាក់ចុះទៅតាមផងដែរ។ ក្រៅពីនេះ ក្នុងវិស័យផ្សេងៗទៀតដូចជា វិស័យសំណង់ សេវាកម្ម ពាណិជ្ជកម្មលក់ដុំ និងរាយ ការដឹកជញ្ជូន ការស្តុកទុកទំនិញ និងវិស័យដទៃទៀត នៅក្នុងត្រីមាសទី 4 ចុងឆ្នាំ 2022 នោះ សុទ្ធមានការកើនឡើង តិចជាងមុនទាំងអស់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ 2021។
លោក Shivaan Tandon សេដ្ឋវិទូរបស់ Capital Economics ប្រចាំតំបន់អាស៊ី បានលើកឡើងដែលថា ក្នុងវិស័យការនាំចេញ ត្រូវបានកំណត់ថានឹងធ្លាក់ចុះ បន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ 2023 នេះ។ លើសពីនេះ អត្រាការប្រាក់ក៏នឹងកើនឡើង ខណៈការសន្សំ ក្នុងគ្រួសារថយចុះ និងអតិផរណា បន្ដកើនខ្ពស់ជាដើម។ ដូច្នេះ សម្រាប់ឆ្នាំ 2023 នេះ MTI បាននិយាយថា ខ្លួនរំពឹងថានឹងមាន កំណើនយឺតជាងមុន ពោលគឺក្នុងចន្លោះពី 0.5 ភាគរយទៅ 2.5 ភាគរយ ប៉ុណ្ណោះ។