ចាប់ពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ តទៅ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុញ្ញាតិអោយធ្វើចរាចរណ៍ នូវកំណាត់ផ្លូវជាតិលេខ៥ គិតចាប់ពីគីឡូម៉ែត្រលេខ ៧៥ រហូតដល់គីឡូម៉ែត្រលេខ ១១៥ ទាំងសងខាងផ្លូវ ព្រមទាំងផ្លូវក្រវ៉ាត់ ក្រុងកំពង់ឆ្នាំងផងដែរ។
ឯកឧត្តម គឹម ប៉ុណ្ណា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យមើលគម្រោងសាងសង់ ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ដែលសម្រេចការងារ មួយចំនួនធំ នឹងគ្រោងបញ្ចប់ទាំងស្រុង នៅចុងឆ្នាំ២០២៣។ ក្នុងឱកាសនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមអោយ ធ្វើចរាចរណ៍ផ្លូវក្រវ៉ាត់ក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅភូមិសាស្ត្រ ស្រុករលាប្អៀរ និងស្រុកបរិបូណ៍ ដែលមានប្រវែងសរុប ៤០ គីឡូម៉ែត្រ ដើម្បីសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា គម្រោងធ្វើអោយប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានតភ្ជាប់ពីខេត្តកណ្តាល ទៅដល់ខេត្តពោធិ៍សាត់ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលត្រូវបានពង្រីកទទឹងផ្លូវទៅ ៤ គន្លងរថយន្ដ ២ គន្លងម៉ូតូ ដោយចំណាយរយៈពេល ៤ ឆ្នាំដើម្បីបញ្ចប់ និងចំណាយថវិកាសរុប ប្រមាណ ២៤៦ លានដុល្លារ។