ការនាំចេញស្វាយចន្ទី ត្រូវបានជម្រុញបន្ថែម និងរាប់ជាដំណាំឧស្សាហកម្មអាទិភាពមួយ របស់កម្ពុជា


នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជំរុញ ការនាំចេញដំណាំឧស្សាហកម្ម អាទិភាពចំនួន ១២ មុខ ដោយក្នុងនោះ ស្វាយចន្ទី ជាដំណាំសក្ដានុពលមួយ មានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ការនាំចេញ នឹងការទាញប្រយោជន៍ ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ខណៈដែលដំណាំស្វាយចន្ទីកម្ពុជា ត្រូវបានទទួលស្គាល់ នៅលើទីផ្សារអន្តរជាតិ ទាំងរសជាតិ ទំហំគ្រាប់ស្ដង់ដារ កម្រិតកាកសំណល់កសិកម្មទាប និងប្រភេទសរីរាង្គ តាមបែបប្រពៃណី។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញថា បច្ចុប្បន្ននេះដំណាំស្វាយចន្ទីធំៗ ត្រូវបានដាំដុះនៅខេត្តចំនួន ១០ ដែលរួមមាន កំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។ ត្រឹមឆ្នាំ២០២១ ផ្ទៃដីដាំដុះស្វាយចន្ទី បានកើនឡើងដល់ ៤០៥ ៩៩១ ហិកតា ផ្ទៃដីប្រមូលផល បានកើនឡើងដល់ ២៧៥ ៦៧៩ ហិកតា ហើយទទួលបានទិន្នផលសរុប ៤៧២ ៦៣៦ តោន ក្នុងឆ្នាំ២០២១។

ផលិតផលស្វាយចន្ទីកម្ពុជា ស្ថិតនៅក្នុងចំណោមកសិ-ឧស្សាហកម្មអាទិភាពមួយ របស់កម្ពុជា សម្រាប់ការនាំចេញទៅអន្តរជាតិ ដែលទាញយកចំណែក ទីផ្សារសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួម និងជប៉ុន។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ រាជរដ្ឋាភិបាល បានដាក់ចេញនូវ គោលនយោបាយជាតិ ស្ដីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ សំដៅធានានូវឧត្តមភាព ប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ព្រមទាំងជាផែនទីបង្ហាញផ្លូវ និងជាមូលដ្ឋានក្នុងការ រៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាព អភិវឌ្ឍវិស័យដំនាំស្វាយចន្ទី ប្រកបដោយចីរភាព។

ម្យ៉ាងទៀត សេចក្ដីព្រាងច្បាប់នេះ មានចក្ខុវិស័យ អភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទី ឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជំរុញវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិ។