វិស័យទេសចរណ៍របស់កម្ពុជា មានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២២ និងកាន់តែប្រសើរក្នុងឆ្នាំថ្មី!


ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមានវត្តមានមកកំសាន្ត នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ ចំនួនសរុបប្រមាណជា ២,២៨ លាននាក់ ជាតួរលេខច្រើនជាង ការព្យាករណ៍ទុក របស់ក្រសួងទេសចរណ៍។ ក្នុងនោះការមកដល់ ក្នុងត្រីមាសចុងក្រោយ ពោលគឺចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ មានជាង ១លាននាក់ឯណោះ។

ការរីកចំរើន នៃវិស័យទេសចរណ៍ក្នុងឆ្នាំ២០២២ កន្លងទៅ មានភាពល្អប្រសើរជាងឆ្នាំ២០២១ បើទោះបីជាពិភពលោក នៅតែបន្តប្រឈមមុខជាមួយ នឹងវិបត្តិជំងឺកូវីដ ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្ដី។ ការកើនឡើងនោះ បានធ្វើឱ្យបណ្ដាប្រទេសជាច្រើន ចាប់ផ្ដើមទទួលផលវិជ្ជាមាន នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍ ដោយក្នុងនោះថៃ មានការកើនឡើង ៣៧,៥% និងវៀតណាម កើនឡើង ២០,៤% រីឯកម្ពុជាកើនឡើងដល់ទៅ ១ ០៥៩% ខណៈឡាវ ពុំមានទិន្នន័យច្បាស់លាស់។

ក្រៅពីប្រទេសជិតខាង ចិន ឈរក្នុងចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីថៃ និងវៀតណាម ខណៈឥណ្ឌូនេស៊ី ឈរក្នុងចំណាត់ថ្នាក់លេខ ៤ ដែលមានពលរដ្ឋមកកំសាន្ត ធ្វើទស្សកិច្ច វិនិយោគ នៅកម្ពុជាក្នុងចំនួន ៧៥,៦៥៣នាក់។ ការមកដល់ក្នុងឆ្នាំទៅមិញនេះ មានចំនួនច្រើនជាងគេតាមផ្លូវគោកប្រមាណ ១,៤៦ លាននាក់ តាមផ្លូវអាកាសប្រមាណ ៧៩ ម៉ឺននាក់ និងតាមផ្លូវទឹកប្រមាណ ១៧ ម៉ឺននាក់។ សម្រាប់ការចេញ ធ្វើដំណើរទៅក្រៅប្រទេស ដោយពលរដ្ឋកម្ពុជាវិញ មានចំនួនប្រមាណ ៩៧០ ២៩២ នាក់ ខណៈឆ្នាំ២០២១ មានតែ ៣០ ៥១៧នាក់ប៉ុណ្ណោះ ជាអត្រាកំណើន ៣ ០៧៩%។

ក្រៅពីភ្ញៀវទេសចរអន្តរជាតិ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានទាំងជាតិ និងអន្តរជាតិ បានបង្ហាញនូវការងើបឡើងវិញ នៃវិស័យទេសចរណ៍ របស់កម្ពុជាយ៉ាងផុះផុលផងដែរ ដោយការចេញធ្វើដំណើរ លើផ្ទៃប្រទេសសរុប មានប្រមាណជា ១៣,៩ លាននាក់ ក្នុងពេល ១២ខែ ឆ្នាំមុន។ ក្នុងនោះការធ្វើដំណើរ ទៅកំសាន្តនៅឯក្រុងព្រះសីហុមាន ៤,៦លាននាក់, ខេត្តសៀមរាបមាន ២,៤ លាននាក់ និងបណ្ដារាជធានី ខេត្តផ្សេងៗទៀត។

គួរបញ្ជាក់ថា បើទោះបីជាឆ្នាំ២០២២ អត្រាភ្ញៀវទេសចរកើនឡើងខ្ពស់ ក៏ពិតមែន តែបើធៀបនឹងឆ្នាំ២០១៩ កម្ពុជាធ្លាក់ចុះប្រមាណ ៦៥,៥៦% ឯណោះ។ សម្រាប់ឆ្នាំ២០២៣ កម្ពុជា មានក្ដីរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ នៅកើនឡើងដល់ជាង ៤ លាននាក់ ក្រោយការប្រកាស បើកដំណើរការសង្គមជាតិ របស់ប្រទេសចិនឡើងវិញ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយក្នុងនោះកម្ពុជា រំពឹងថាភ្ញៀវទេសចរចិន ដែលអាចកើនឡើងបានបាន ១ លាននាក់៕