គម្រោងសិក្សាសាងសង់ផ្លូវកាត់ រវាងទីរួមខេត្តបាត់ដំបង ទៅកាន់ទីរួមខេត្តសៀមរាប ត្រូវបានបញ្ចប់ការសិក្សាហើយ និងបានកំណត់យក ទីតាំងជាក់លាក់ ដើម្បីត្រៀមបើកការដ្ឋាន សាងសង់នៅអំឡុងឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរ បានមួយកម្រិតធំ និងបង្កើតសក្ដានុពល នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងទេសចរណ៍ផងដែរ។
លោក ព្រួញ រិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា គម្រោងសាងសង់ផ្លូវកាត់ រវាងទីរួមខេត្តបាត់ដំបង និងខេត្តសៀមរាប ត្រូវបានសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយត្រូវបានជ្រើសរើស ទីតាំងភូមិសាស្ត្រឆ្លងកាត់ ខេត្តចំនួន ៣ គឺបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប មានប្រវែងជាង ៧០ គីឡូម៉ែត្រប៉ុណ្ណោះ ដែលយើងអាច ធ្វើដំណើរត្រឹមតែជាង ១ ម៉ោងដើម្បីតភ្ជាប់ចរន្ដសេដ្ឋកិច្ច និងទេសចរណ៍រវាង ក្រុងទាំងពីរ។
ដូចនេះ ផ្លូវថ្មីកាត់ថ្មី អាចកាត់បន្ថយ ចម្ងាយធ្វើដំណើរបានច្រើន ប្រសិនបើធៀបទៅនឹង ការធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៥ ទៅកាន់ផ្លូវជាតិលេខ៦ ដោយឆ្លងកាត់ក្រុងសេរីសោភ័ណ ឬតាមរយៈផ្លូវឆ្លងកាត់ស្រុកមង្គលបុរី បាត់ដំបង ទៅកាន់ស្រុកព្រះនេតព្រះ សៀមរាប យើងអាចចំណេញចម្ងាយ ធ្វើដំណើរបានជិត ១០០ គីឡូម៉ែត្រឯណោះ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បង្ហាញនូវសុទិដ្ឋិនិយម ចំពោះគម្រោងតភ្ជាប់ផ្លូវកាត់ថ្មីនេះ ដោយសារតែវា គឺជាសរសៃឈាមដ៏សំខាន់ ក្នុងការធ្វើដំណើរ រវាងក្រុងទាំងពីរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបម្រើដល់វិស័យទេសចរណ៍។ ឯកឧត្តម បានបន្ថែមថា ខេត្តបាត់ដំបង មានសក្ដានុពលខ្ពស់ជាងគេបំផុត លើវិស័យទេសចរណ៍ ក្នុងភូមិភាគឧត្តរ បន្ទាប់ពីខេត្តសៀមរាប មានទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរវប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍កែច្នៃផងដែរ ជាពិសេសខេត្តបាត់ដំបង ជាខេត្តដែលមានចំណីអាហារ ទាក់ទាញជាងគេបំផុតក្នុងតំបន់។