ស៊ុមបង្អួច និងស៊ុមទ្វារទី២ នៃខ្លោងទ្វារទី២ របស់ប្រាសាទព្រះគោ ដែលរងការបែកបាក់ ដួលរលំស្ទើទាំងស្រុង និងរងការខូចខាតធ្ងន់ធ្ងរ ពេលនេះត្រូវបាន អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលឡើងវិញ ជាមួយការប្រមូលបំណែកថ្ម សិក្សាពីសំណង់ប្រាសាទ និងជួសជុលអោយទៅជា ទម្រង់ដើមឡើងវិញ។
ក្រុមការងារបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថាសំណង់ប្រាសាទព្រះគោ នៅត្រង់ចំណុចស៊ុមបង្អួច និងស៊ុមទ្វារទី២ មានការបាក់បែក ខូចខាតធ្ងន់ធ្ងរ និងដួលរលំស្ទើរតែទាំងស្រុង ដោយសារកត្តាអាយុកាល អាកាសធាតុ ជាដើម។
ប្រាសាទព្រះគោ មានអាយុកាលជាង ១០០០ ឆ្នាំមកហើយ ដែលត្រូវការអភិរក្ស និងថែរក្សាជាប្រចាំ ដើម្បីអោយសំណង់ប្រាសាទ អាចឈរនៅយូរអង្វែង។ ដូចនេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានប្រមូលម្ដុំថ្មបាយក្រៀម និងថ្មភក់ សម្រាប់ផ្គុំ និងជួសជុលប្រាសាទនេះ។
សូមបញ្ជាក់ផងដែរថា ប្រាសាទព្រះគោ ស្ថិតនៅចម្ងាយប្រមាណ ១៣ គីឡូម៉ែត្រ ពីក្រុងសៀមរាប នៅក្នុងអតីតរាជធានី ហរិហរល័យ កាលពីសម័យបុរាណ បច្ចុប្បន្នស្ថិតនៅស្រុកបាគង ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបាន សាងសង់ឡើង ក្នុងគ្រឹស្ដរាជ ៨៧៩ រជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។