កាលពីឆ្នាំ២០២២ កន្លងទៅ ចំនួនភ្ញៀវទេសចរអន្តរជាតិ បានមកកាន់ប្រទេសកម្ពុជា សរុបចំនួន ២,២៨ លាននាក់ ដែលកើនឡើងច្រើន ជាងការរំពឹងទុក ដោយក្នុងនោះ ត្រីមាសទី៤ នៃឆ្នាំ២០២២ កម្ពុជា បានស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់។ សម្រាប់ឆ្នាំ ២០២៣ ក្រសួងទេសចរណ៍ និងវិស័យឯកជន បានបើកកិច្ចប្រជុំនិងឯកភាព ដល់ការលើកស្ទួយ វិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ - Visit Cambodia Year 2023» និងបានដាក់ទិសដៅ ការងារចំនួន ៥ ចំណុចសម្រាប់អនុវត្ត។
១. សេចក្ដីព្រាងវិធានការណ៍ គោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ - Visit Cambodia Year 2023» ដែលមានចក្ខុវិស័យច្បាស់លាស់ គឺឆ្នាំ២០២៣ កម្ពុជា នឹងអាចទទួលបាន ភ្ញៀវទេសចរអន្តរជាតិ ៤ លាននាក់យ៉ាងតិច ជាមួយភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណ ១៥ លាននាក់។
២. យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ - Visit Cambodia Year 2023» នឹងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងដំណាក់កាលនៃ ការងើបឡើងវិញ វិស័យទេសចរណ៍ (Recovery) សម្រាប់ផ្សព្វផ្សាយ សក្ដានុពលទេសចរណ៍ ជាពិសេសនៅក្នុងឱកាស កីឡាទេសចរណ៍ ដែលយើងជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២។
៣. ចក្ខុវិស័យខាងលើ កម្ពុជា មានគោលបំណង ២ សម្រាប់យុទ្ធសាស្ត្រគឺ៖
• លើកកម្ពស់កិត្តិនាមទេសចរណ៍ កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ នៅលើទីផ្សារទេសចរណ៍ អោយកាន់តែខ្លាំងក្លា។
• ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ និងយុទ្ធសាស្ត្រ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនឧត្តមភាព ការប្រកួតប្រជែងទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ។
៤. ដើម្បីសម្រេចគោលបំណងខាងលើនេះ មានគោលដៅអនុវត្តចំនួន ២ គឺ៖
• បង្ហាញនិងផ្សព្វផ្សាយស៊ីជម្រៅ ពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជា ក្នុងប្រភពទីផ្សារទេសចរណ៍ ៩ អាទិភាព តាមរយៈការធ្វើយុទ្ធសាស្ត្រ ទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្មទេសចរណ៍ តាមគ្រប់មធ្យោបាយ។
• បង្កើនតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ ទេសចរណ៍ទាក់ទាញកម្រិតអន្តរជាតិ ជាតិ និងកម្រិតមូលដ្ឋាន ក្រោមរូបភាពពិធីបុណ្យ ព្រឹត្តិការណ៍កីឡា ឬព្រឹត្តិការណ៍ទេសចរណ៍ អោយមានជាប្រចាំ។
៥. ដើម្បីធានាបាននូវភាពជោគជ័យ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ត្រូវដាក់ចេញសេចក្ដី ព្រាងច្បាប់ដែលមាន ២០ វិធានការណ៍សំខាន់ ក្នុងនោះមានព្រឹត្តិការណ៍អន្តរជាតិ និងថ្នាក់ជាតិចំនួន ២១ ព្រឹត្តិការណ៍ ដើម្បីពង្រឹងកិត្តិនាមទេសចរណ៍កម្ពុជា ពង្រីកទីផ្សារទេសចរណ៍ នៅក្នុងឆ្នាំ២០២៣ និងឆ្នាំក្រោយៗទៀត។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថាសេចក្ដីព្រាងច្បាប់ វិធានការណ៍នយោបាយ សម្រាប់អនុវត្តលើយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ នឹងទទួលបានការគាំទ្រ ពីសំណាក់គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឈានដល់ការសម្រេចចិត្ត និងអនុម័តយល់ព្រមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។