ខេត្តកំពង់ចាម ត្រូវបានប្រកាស ជាខេត្តអស់មីន ទាំងស្រុងហើយ!


នៅក្នុងសាលសន្និសីទ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលមានចូលរួមពីអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានប្រកាសថា ខេត្ដកំពង់ចាម ក្លាយជាខេត្តអស់មីន ទាំងស្រុងហើយ។ ឯកឧត្ដម បានលើកឡើងទៀតថា “វាជាជោគជ័យមួយ របស់ប្រទេស យើងហើយនឹងមិនត្រូវភ្លេចថា តើមានបញ្ហាអ្វី ដែលនាំឱ្យយើង មានបញ្ហាមកដល់ថ្ងៃនេះដែរ គឺដោយសារការដឹកនាំខុស នាំឱ្យប្រទេសជាតិ មានសង្គ្រាមបន្សល់នូវគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះធ្វើឱ្យ ប្រជាជនយើងមានគ្រោះថ្នាក់នោះ”។

តែយ៉ាងណាមិញ ឯកឧត្ដមបានគូសបញ្ជាក់ទៀតថា ថ្វីត្បិតតែខេត្ដកំពង់ចាម ត្រូវបានប្រកាសថាជា ខេត្តអស់មីនក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋ ក៏ត្រូវបន្តយកចិត្តទុកដាក់ និងធ្វើការប្រុងប្រយ័ត្នបន្តទៀត ប្រសិនបើក្នុងករណីឃើញមីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរ មីនកុំយកមកប្រើប្រាស់ ជាមុំដាំបាយ ឬដំលេងនាំឱ្យគ្រោះថ្នាក់ ជាយថាហេតុ។

ឯកឧត្ដម ហ៊ុន ម៉ានិត បានសង្កាត់ធ្ងន់ថា អ្វីដែលយើងទទួលបាននៅថ្ងៃនេះគឺ ជាកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាព ការអនុវត្តចុះដោះមីន ជាបន្តបន្ទាប់ ក៏មិនអាចធ្វើទៅបានដែរ។ ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធ យុទ្ធភណ្ឌដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាពបានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរបែរ មករួបរួមគ្នា ដើម្បីបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាម ពីអតីតកាល។