ពិធីបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ នឹងផ្ដោតសំខាន់លើ ការអប់រំអំពីទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងកីឡា


(កំពង់ធំ)៖ ពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើង នៅខេត្តកំពង់ធំគឺ ផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ផ្សាភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពី ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ គួរជម្រាបថា ពីធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-៩-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ (ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត) ក្រោមកិច្ចសហការរៀបចំ របស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ។

ក្នុងកិច្ចប្រជុំរបស់ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាពិធីបុណ្យទន្លេ លើកទី៧នេះគឺ មានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុង ការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍ សហគមន៍។ ឯកឧត្តមបណ្ឌិត ថោង ខុន បាន រំលឹកថានៅកម្ពុជា មានខេត្តជាច្រើន ដែលមានទីក្រុងជាប់ដងទន្លេ និងសម្បូរដោយសក្តានុពលទេសចរណ៍ វប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដែលគ្រប់គ្រងដោយ ប្រជាសហគមន៍។

ឯកឧត្តមថ្លែងថា យើងចង់រំលេចឱ្យឃើញពីវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធម្មជាតិ ការរស់នៅរបស់ ប្រជាជន និងអប់រំដល់ ប្រតិបត្តិការទេសចរណ៍ ភ្ញៀវទេសចរ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សឱ្យយល់ ដឹងពីចំណុចទាំងអស់នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថាពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូន សកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖

១. សម្ដែងទស្សនីយភាពសិល្បៈ របាំជនជាតិភាគតិចកួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ ពិធីបុណ្យទន្ល។

២. មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិត ផលក្នុងស្រុក។

៣. សកម្មភាពកីឡា ដោយមានការចូលរួមពី សំណាក់កីឡាករ-កីឡាការនីជាតិ និងអន្តរជាតិ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមជាមួយនឹងរបាយការណ៍ ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុង និងតាមដងស្ទឹង ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងការសម្អាត អនាម័យ បរិស្ថានតាម ផ្ទះសម្បែង ភូមិដ្ឋាននានា ការតុបតែងលម្អ តាមគ្រប់គ្រឹះស្ថាន ស្ថានសាធារណៈ និងឯកជន សកម្មភាព កីឡាឱ្យបានច្រើន និងបានចាត់ឱ្យមន្ទីរអប់រំខេត្ត សហការរៀបចំក្រុមប្រកួតកីឡា ដើម្បីជំរុញសកម្មភាព ឈានឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខនោះ៕