ព្រះវិហារបុរាណបែបប្រវត្តិសាស្ត្រមួយ នៅក្នុងតំបន់អ៊ុយក្រែន នៃទីក្រុង Chicago បានចាប់ផ្តើម ការចាប់កំណើតថ្មីមួយទៀត ក្លាយជាខុនដូដ៏ប្រណិត មានលក្ខណៈពិសេស និងបែប Unique ដូចជាបង្អួចកញ្ចក់ និងកណ្តឹងជាដើម។
ការបង្កើតរចនាបថថ្មីពីលើគម្រូចាស់ បានធ្វើឲ្យព្រះវិហារបុរាណនៃតាមផ្លូវ St. John’s Evangelical Lutheran បានរស់ឡើងវិញ ជាលទ្ធផលនៃការផ្លាស់ប្តូរយ៉ាងអស្ចារ្យ និងល្អិតល្អន់ ដោយក្រុមអ្នកជំនាញជួសជុលព្រះវិហារដ៏មានបទពិសោធន៍ជាង ២០ឆ្នាំ ដែលមានដូចជាស្ថាបត្យករល្បីឈ្មោះរបស់ទីក្រុង Chicago, Emily Carlson។ ក្រៅពីនេះ ក៏មានក្រុមជាងឈើល្បីៗ មកពីខាងប៉ែកអឺរ៉ុប មកជួយក្នុងការជួសជុល និងធ្វើការនៅលើគម្រោងមួយនេះផងដែរ។
វាហាក់ដូចជាការរស់ឡើងវិញ និងបានផ្តល់សោភ័ណភាពបានកាន់តែប្រសើរនៅតាមបរិវេណជុំវិញនោះ។ ព្រះវិហារនេះ ពីដំបូងបានសាងសង់កាលពីឆ្នាំ ១៩០៥ ដោយក្រុមជំនុំអន្តោប្រវេសន៍អាឡឺម៉ង់ និងត្រូវបានរចនាប្លង់ដោយស្ថាបត្យករព្រះវិហារ ដ៏ល្បីល្បាញនៅក្នុងពេលនោះ គឺលោក Henry Worthmann និង John Steinbach។ រចនាសម្ព័ន្ធរបស់ព្រះវិហារត្រូវបានសាងសង់ជាបែប Gothic Revival Design។
ក្រុមហ៊ុនអភិវឌ្ឍ Regency បានទិញព្រះវិហារបុរាណនេះជាលើកដំបូងក្នុងឆ្នាំ ២០១៣ ជាមួយនឹងតម្លៃ ១,១លានដុល្លារ ដោយក្រុមហ៊ុននេះ ក៏នៅរក្សារចនាបថបែបបុរាណរបស់ព្រះវិហារនេះដូចជាបង្អួច ចូលទៅក្នុងសំណង់ខុនដូថ្មី ដែលត្រូវបានគេឲ្យឈ្មោះថា “The Bell Tower”។
នាង Jodi Serio នៃ Property ដែលជាភ្នាក់ងារដែលបានចុះបញ្ជីរួមជាមួយនឹង Maria Troyanovsky ជឿជាក់ថា ខុនដូដ៏ល្អឥតខ្ចោះនេះ វាពិតជាសាកសមជាមួយនឹងអ្នកទិញ ដែលស្រឡាញ់នូវសំណង់ស្ថាបត្យកម្មសិល្បៈដ៏ប្រណិត និងអស្ចារ្យ។ នាងបាននិយាយថា “ខុនដូថ្មីមួយនេះ មិនដូចអ្វីដូចដែលខ្ញុំ ធ្លាប់លក់ពីមុនមកនោះទេ ដោយខ្ញុំកត់សម្គាល់ពីប្រណិតភាព និងរចនាបថដ៏កម្រគ្មានពីរមួយនេះ។”
វាជាខុនដូដ៏ទាក់ទាញ និងមានតម្លៃ និងដាក់លក់ចាប់ពី ៥៧៩,០០០ ដុល្លារ ទៅ ១,២៩ លានដុល្លារ។ ខុនដូនេះ មាន ៩ Units ដែលផ្តល់គម្រោងក្នុង ១Unit មាន បន្ទប់គេង បីឬបួន បន្ទប់ទឹក ពីរទៅបី និងបន្ទប់ទទួលភ្ញៀវមានទំហំចាប់ពី ១,៥៨៥ ទៅ ២,៣៧៥ ហ្វីតការ៉េ និងមានចំណតរថយន្ត ក្នុងផ្ទះផងដែរ។
ដើម្បីឲ្យសំណង់ខុនដូថ្មីនេះ មានភាពរស់រវើក គ្រប់យ៉ាងត្រូវបានសាងសង់ឡើងវិញ ទាំងជញ្ជាំង ខ្សែភ្លើង និងប្រព័ន្ធទឹកជាដើម។ ផ្នែកខាងក្នុងមួយចំនួនធំត្រូវបានរៀបចំ និងធ្វើថ្មីច្រើន ប៉ុន្តែផ្នែកខ្លះទៀតក៏នៅតែរក្សារចនាបថ និងរសជាតិបុរាណផងដែរ ដែលអាចនឹងធ្វើឲ្យ ម្ចាស់ខុនដូថ្មីនេះ នឹងនៅតែមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងរចនាបថ បែបសិល្បៈបុរាណ ដែលដូចជា មានខុនដូទំនើប ជាព្រះវិហារដែលមាន ៩ Units អញ្ចឹងដែរ។
Serio បានបន្ថែមថា “ការជួសជុលអាគារមិនមែនជារឿងងាយស្រួល ឬជាកិច្ចការតូចទេ រាល់ការធ្វើឥដ្ឋក្បឿង និងផ្នែកខាងក្រោយនៃព្រះវិហារនេះត្រូវបានជួសជុលឡើងវិញ។ មិនតែប៉ុណ្ណោះ យើងរៀបចំ និងសាងសង់ផ្នែកខាងក្នុងសឹងតែទាំងអស់ ទុកតែផ្នែកខាងក្រៅឲ្យនៅតែដដែល ជាមួយនឹងការដុសខាត់តិចតួច ព្រោះតែដើម្បីរក្សាទ្រង់ទ្រាយដើម ជាទីកន្លែងប្រវត្តិសាស្ត្រ និងភាពទាក់ទាញប្រចាំតំបន់ផងដែរ។”
នេះអាចជាខុនដូថ្មីបែបប្រវត្តិសាស្ត្រ ដែលមានការទាក់ទាញខ្លាំងនៅក្នុងតំបន់អ៊ុយក្រែនរបស់ទីក្រុង Chicago ហើយក៏ជាឱកាសដ៏ល្អមួយ សម្រាប់នរណាម្នាក់ដែលនឹងក្លាយជាម្ចាស់កម្មសិទ្ធិ របស់ខុនដូដ៏ប្រណិតបែបប្រវត្តិសាស្ត្រមួយនេះ។ វាគឺជាគម្រោងប្លែកបំផុត ដែលព័ទ្ធជុំវិញដោយទីតាំងបុរាណ ដែលមានអាយុកាលចំណាស់ៗជាច្រើនផងដែរ។ ប្រជាជន ដែលរស់នៅក្នុងតំបន់អ៊ុយក្រែននេះ ក៏ផ្តល់ជាមតិល្អៗទៅលើ “The Bell Tower” នេះ ថាវាគឺជាការស្តារឡើងវិញដ៏ល្អបំផុត ធ្វើឲ្យព្រះវិហារនេះបានរស់ឡើងវិញ ហើយពិតជាអស្ចារ្យណាស់ដែលវាបានសាងសង់ហើយ។
ចុះសម្រាប់ប្រិយមិត្តអ្នកអានវិញ មានយោបល់យ៉ាងណាដែរ ទៅលើខុនដូថ្មី ដែលសាងសង់ចេញពី ព្រះវិហារបុរាណមួយនេះ? អាចចែករំលែកយោបល់របស់អ្នកនៅខាងក្រោមអត្ថបទនេះបាន។