គម្រោងពង្រីកផ្លូវជាតិលេខ ៧ (រង្វង់មូលស្គន់-ស្ពានគីហ្សូណា) នឹងចាប់ផ្តើមសាង់សង់ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ


ក្នុងកិច្ចប្រជុំដោះស្រាយ ការងារផលប៉ះពាល់ នៃគម្រោងពង្រីក និងលើកកកម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជា ៤គន្លង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកកម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥ ៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម និងចាប់ផ្តើមសាង់សង់ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម លឹម ស៊ីដេនីន បានគូសបញ្ជាក់ថា បើតាមការសិក្សា គម្រោងខាងលើ របស់ក្រុមហ៊ុន CRBC ឃើញថា ចំណុចដែលមាន ផលប៉ះពាល់ស្មុគស្មាញខ្លាំង មាន ៤ តំបន់៖

ទី១. ស្ថិតនៅក្នុងទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ដែលមានទំហំដោះស្រាយ ផលប៉ះពាល់ បណ្ដុំគ្នាច្រើន។

ទី២. ស្ថិតក្នុងស្រុកព្រៃឈរ ជុំវិញចំណុចប្រសព្វ និងផ្លូវលេខ ៦០។

ទី៣. ស្ថិតក្នុងស្រុកកំពង់សៀម ដែលមានទំហំដោះស្រាយ ផលប៉ះពាល់បណ្ដុំគ្នាច្រើន។

ទី៤. ស្ថិតក្នុងក្រុងកំពង់ចាម ដែលមានទំហំដោះស្រាយ ផលប៉ះពាល់បណ្ដុំគ្នាច្រើន ។

គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជា ៤ គន្លងប្រវែងសរុប ៤៥ ៤៨៩ គ.ម ចាប់ពីចំណុចរង្វង់មូលស្គន់ ឆ្ពោះទៅដល់ចំណុច រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបទៅនឹង អនុក្រឹត្យលេខ ៨៧ អនក្រ.បក ស្ដីពីក្រមសីលធម៌ មន្ត្រីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំការអនុវត្ត និងការគ្រប់គ្រង គម្រោងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសាធារណៈ ផងដែរ៕