កម្ពុជា នឹងមិនតម្លើងថ្លៃអគ្គិសនីទេ បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយប្រទេសជាច្រើន ឡើងថ្លៃក៏ដោយ


ខេត្តពោធិ៍សាត់៖ បើយោងតាម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ ដែលធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ក្នុងខេត្តពោធិ៍សាត់។

សម្ដេចបានបញ្ជាក់ថា ទោះបីជាអតិផរណាពិភពលោក និងផលប៉ះពាល់ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏តម្លៃអគ្គិសនីកម្ពុជា នៅតែដដែល ដោយសម្តេចមានប្រសាសន៍ថា “គ្រប់ប្រទេស ដំឡើងថ្លៃអគ្គិសនី ប៉ុន្តែកម្ពុជាមិនឡើងថ្លៃទេ។ កាលពីមុន តម្លៃអគ្គិសនីរបស់ អ្នកជិតខាងយើងថោកជាងយើង។ ឥឡូវនេះប្រទេសជិតខាងយើង ចាប់ផ្តើមឡើងថ្លៃ។ ប៉ុន្តែយើងត្រូវជួយប្រជាពលរដ្ឋ និងមិនតម្លើងថ្លៃឡើយ។»

គួរបញ្ជាក់ផងដែរថា ស្ថានភាពពិភពលោកបច្ចុប្បន្ន ពុំមានទាន់មានស្ថេរភាពនៅឡើយទេ ជាពិសេសផ្នែកសេដ្ឋកិច្ច ក្រោយងើបចេញពីវិបត្តិកូវីដ១៩ រួច ក៏ដូចជាកំពុងតែប្រឈមនឹង ឥទ្ធិពលអវិជ្ជមាន នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។ កម្ពុជា ក៏ដូចជាប្រទេសជាច្រើន ក៏កំពុងទទួលរងផលលំបាក និងវិបត្តិ ដោយសារមូលហេតុទាំងនេះ ដូចបណ្តាប្រទេសជាច្រើន នៅក្នុងពិភពលោកដែរ។