កម្ពុជាបានស្វែងរកដៃគូ ដើម្បីប្រមូលមូលនិធិវិនិយោគប្រមាណ ៣០ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ (Hard and soft infrastructure) ចំនួន ១៥០ ដែលរាជរដ្ឋាភិបាលបាន ចាត់ថ្នាក់ជាអាទិភាព ដើម្បីដាក់ក្នុងផែនការមេ ទូលំទូលាយកម្រិតមធ្យម (CIT-MP) សម្រាប់ដប់ឆ្នាំខាងមុខ នេះបើយោងតាមរបាយការណ៍ ដែលចេញដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT)។
មន្ត្រីជាន់ខ្ពស់ ដែលទទួលបន្ទុកផ្នែកទំនាក់ទំនង និងបច្ចេកវិទ្យាសម្រាប់ MPWT បាននិយាយថា គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធចំនួន ១៥០ ដែលត្រូវបានបញ្ចូលក្នុង CIT-MP ត្រូវបានជ្រើសរើសចេញ ពីគម្រោងចំនួន ៣៣២ ដែលមានតម្លៃសរុបប្រហែល ៤៨,៦ ពាន់លានដុល្លារ នៃការតភ្ជាប់ការដឹកជញ្ជូន អន្តរកម្ម និង ផែនការមេ នៃប្រព័ន្ធភស្តុភារដែលគ្របដណ្តប់ ផែនការមេចំនួនប្រាំពីរ។
លោក ហ៊ាង សុធាយុទ្ធ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនៃ MPWT បានប្រាប់ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាពសម្រាប់ រយៈពេលពីឆ្នាំ ២០២២ - ២០៣០ នឹងគ្របដណ្តប់លើ គ្រប់ទិដ្ឋភាពសំខាន់ៗ នៃការដឹកជញ្ជូន ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភស្តុភារ និងការដឹកជញ្ជូនអន្តរកម្ម ជាដើម។
លោក សុធាយុទ្ធ បានបន្ថែមថា គណៈកម្មាធិការទទួលបន្ទុក CIT-MP នៅតែរក្សាគម្រោង ដែលនៅសេសសល់ដដែល ប៉ុន្តែលោកមិនមានព័ត៌មានថ្មីៗ អំពីសកម្មភាពដែលអាច កើតមានលើគម្រោងទាំងនោះឡើយ។ លោកបន្តថា៖ «ជាធម្មតានៅពេលមាន ផែនការមេ យើងបង្កើតផែនការសកម្មភាព និងស្វែងរកដៃគូវិនិយោគ ដូច្នេះគម្រោងដែលមិនទាន់មាន ដៃគូវិនិយោគត្រូវបាន ទុកមួយឡែកសិន»។
លោកបាននិយាយបន្តថា គណៈកម្មាធិការភស្តុភារ បានចាត់ថ្នាក់គម្រោង ទៅជាប្រភេទផ្សេងៗគ្នា ដោយសារគម្រោងខ្លះ នឹងត្រូវវិនិយោគដោយកម្ចី ខណៈខ្លះទៀតនឹងវិនិយោគ ដោយកិច្ចព្រមព្រៀង ភាពជាដៃគូសាធារណៈ និងឯកជន ឬថវិកាជាតិ។ ការចេញផ្សាយនេះបាននិយាយថា "ផែនការមេត្រូវបានបញ្ចប់ ជាយុទ្ធសាស្រ្តសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច"។
ថ្លែងសុន្ទរកថាបើកវេទិកាដឹកជញ្ជូន និងភស្តុភារឆ្នាំ ២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការសិក្សាលទ្ធភាព ត្រូវបានធ្វើឡើងសម្រាប់ គម្រោងមួយចំនួន ខណៈដែលគម្រោងមួយចំនួនទៀត ត្រូវបានបញ្ចប់ដូចជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងសាងសង់ នៅពាក់កណ្តាលឆ្នាំ ២០២៣ នេះ។
លើសពីនេះ ឯកឧត្តម បានបន្តថា ដោយឡែក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងផ្លូវរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត កំពុងត្រូវបានសិក្សា សម្រាប់ការអភិវឌ្ឍន៍ការតភ្ជាប់ ហើយរដ្ឋាភិបាល បានជម្រុញឱ្យ MPWT និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) សហការគ្នាដើម្បី ពន្លឿនដំណើរការនេះ ក៏ដូចជា សិក្សា និងស្វែងរកដៃគូវិនិយោគ សម្រាប់គម្រោងទាំងនេះផងដែរ។
ឯកឧត្តម បានគូសបញ្ជាក់ថា គម្រោងផ្លូវថ្នល់ ត្រូវបានអនុវត្តន៍ដើម្បីធ្វើឱ្យប្រសើរឡើង ពីពីរគន្លងទៅជាបួនគន្លង និងពីគុណភាព DBST ទៅជា AC ខណៈដែលគម្រោងផ្លូវទឹក និងភស្តុភារទន្លេបាសាក់ និងគម្រោងកំពង់ផែទឹកជ្រៅ បានទាក់ទាញចំណាប់អារម្មណ៍ អ្នកវិនិយោគយ៉ាងច្រើន និងការសិក្សាលទ្ធភាពសម្រាប់ គម្រោង Sihanoukville Logistics Complex (SHV-LC) នឹងធ្វើឡើងនៅខែក្រោយ។
បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេវាកម្មប្រឹក្សាហិរញ្ញវត្ថុ (FASA) ជាមួយ លោក Asad Yqub តំណាង IFC ប្រចាំកម្ពុជា ដើម្បីតែងតាំង IFC សម្រាប់ធ្វើការសិក្សា លទ្ធភាពលើគម្រោង SHV-LC ដែលគ្រោងនឹងចាប់ផ្តើម នៅក្នុងខែឧសភា ក្នុងភាពជាដៃគូសាធារណៈ និងឯកជន (PPP) គំរូនៅ MPWT ដើម្បីជម្រុញលំហូរទំនិញ និងសេវាកម្ម នៅច្រករបៀងសេដ្ឋកិច្ចសំខាន់នៃក្រុងព្រះសីហនុ។
ក្រោម FASA, IFC នឹងធ្វើការសិក្សាលទ្ធភាព វាយតម្លៃភាពទាក់ទាញ សម្រាប់ទីផ្សារ ឬសំឡេងទីផ្សារ រៀបចំឯកសារគម្រោងដូចជា កិច្ចព្រមព្រៀងសម្បទាន កិច្ចព្រមព្រៀង PPP និងឯកសារពាក់ព័ន្ធផ្សេងទៀត ហើយដាក់ SHV-LC សម្រាប់ការដេញថ្លៃ ដោយសហការជាមួយ MPWT និងក្រសួងពាក់ព័ន្ធផ្សេងទៀត សម្រាប់ព័ត៌មាន ទិន្នន័យ និងឯកសារចាំបាច់ដែលពាក់ព័ន្ធ។
ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋាភិបាលតាមរយៈ MEF មានកាតព្វកិច្ចបង់ប្រាក់ចំនួន ២,៥ លានដុល្លារដល់ IFC តាមដំណាក់កាល សម្រាប់ការអនុវត្តការសិក្សា ដែលតំណាងរបស់ IFC នឹងធ្វើការជាមួយ មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ប៉ុន្តែនឹងទទួលបានសំណង ពីក្រុមហ៊ុនណាមួយដែល ឈ្នះការដេញថ្លៃ ជាសាធារណៈសម្រាប់ SHV-LC ដែលជាផ្នែកមួយ នៃផែនការមេ។
ឯកឧត្តម បាននិយាយថា "ជាមួយនឹងប្រសិទ្ធភាពនៃភស្តុភារ យើងក៏នឹងអាចបង្កើត ផលិតភាពផងដែរ ហើយវានឹងធ្វើអោយប្រសើរឡើង នូវការគ្រប់គ្រងសារពើភ័ណ្ឌ ខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្សេងៗទៀត ខណៈពេលដែល អ្នកប្រើប្រាស់នឹងទទួលបាន អត្ថប្រយោជន៍ពីការចំណាយទាប នៃផលិតផល នៅពេលដែលការដឹកជញ្ជូន មានប្រសិទ្ធភាព ហើយនោះជាការល្អ ហើយយើងចង់ឃើញប្រទេសកម្ពុជា ជាមជ្ឈមណ្ឌល សម្រាប់ផ្នែកភស្តុភារក្នុងតំបន់។”