គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ ត្រូវបានគ្រោងថា នឹងតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជា សរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែក ក្នុងការជម្រុញ ការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយ នៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់ មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។
លើសពីនេះ ផ្លូវនេះនឹងជួយជម្រុញបន្ថែមនូវ សក្តានុពលតំបន់ទេសចរណ៍ នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជម្រុញការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែក ក្នុងការទាក់ទាញវិនិយោគិន និងជម្រុញការនាំចេញ នៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា ទៀតផង។
គូសសម្គាល់ដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ដោយចាប់ផ្តើមពី ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ និងអាចបញ្ចប់នៅតំបន់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងអាចចំណាយថវិកាសាងសង់ ប្រមាណ ៦៥,១៤ លានដុល្លារអាមេរិក។
ផ្លូវជាតិលេខ ៤៨ នេះ បានការដ្ឋានសាងសង់កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២២ និងគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៤ ដោយប្រើរយៈពេលសាងសង់ ប្រមាណ ៣២ ខែ ហើយទទួលបន្ទុកសាងសង់ដោយ សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។