អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការសាកល្បងខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី


អាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ដំណើរការសាកល្បង ខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ ក្នុងគោលបំណងបង្កើនគុណភាព នៃការទស្សនាប្រាសាទ លើកតម្លៃប្រាសាទ ក៏ដូចជាផ្ដល់នូវបទពិសោធន៍ល្អៗ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការដើរទស្សនា នៅតាមប្រាសាទ ស្វែងយល់ពីចម្លាក់ ប្រវត្តិនៃប្រាសាទ ជំនឿសាសនា និងសិល្បៈនានា។

ខ្សែទេសចរណ៍ដំណើរទស្សនាប្រាសាទអង្គវត្ត និងបន្ទាយស្រី មានដូចជា៖

១/ ប្រាសាទអង្គរវត្ត មាន ៣ ជម្រើស៖ ខ្សែទស្សនារយៈពេល ២ ម៉ោង «ទិសដៅទស្សនាបែបទេសចរ» ខ្សែទស្សនារយៈពេល ២ ម៉ោង ៣០ នាទី «ទិសដៅទស្សនាបែបជំនឿ និងសាសនា» និងខ្សែទស្សនារយៈពេល ៣ ម៉ោង «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ»។

២/ ប្រាសាទបន្ទាយស្រី មាន ២ ជម្រើស៖ ខ្សែទស្សនារយៈពេល ១ ម៉ោង ២០ នាទី និងខ្សែទស្សនារយៈពេល ១ ម៉ោង ៤០ នាទី។

សម្រាប់ការទស្សនា នៅក្នុងប្រាសាទទាំង ២ មគ្គុទេសចរណ៍ នឹងនាំភ្ញៀវទេសចរឆ្លងកាត់ នូវផ្នែកសំខាន់ៗរបស់ប្រាសាទ មានដូចជា ផ្ទាំងចម្លាក់សាច់រឿង ចំណុចសំខាន់ៗនៅក្នុងប្រាសាទ ដើម្បីពង្រីកចំណេះដឹង បានទូលាយជាងមុន លើសពីនេះក៏នឹងមានការស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរតាមភ្ញៀវ ដើម្បីបកស្រាយនូវចម្ងល់នានាផងដែរ។

យោងទៅតាមការដាក់ដំណើរការ ខ្សែទស្សនាប្រាសាទទាំង ២ ខាងលើ រំពឹងថាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានឱកាសក្នុងការស្វែងយល់ នូវប្រវត្តិរបស់ប្រាសាទ ចម្លាក់សាច់រឿងនៅលើប្រាសាទ វប្បធម៌ សិល្បៈ និងជំនឿសាសនា ដែលប្រជាជនខ្មែរសម័យមុនធ្លាប់មាន បានកាន់តែច្រើនឡើង ដើម្បីលើកគុណតម្លៃ នៃសំណង់ប្រាសាទ ចូលរួមថែរក្សា មរតកដូនតាផងដែរ។