ស្វែងយល់អំពីអត្ថប្រយោជន៍នៃព្រៃកោងកាង!

យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ព្រៃកោងកាងគឺជាព្រៃមួយដែលមានប្រយោជន៍ខ្លាំងណាស់ដល់ជីវៈចម្រុះនៅក្នុងទឹកប្រៃ ដែលជាជម្រករបស់ត្រីសមុទ្រ ក្ដាម បង្គារ លៀស ងាវ មឹក, ប្រព័ន្ធអេកូឡូស៊ី, និងរក្សាបរិស្ថានសមុទ្រឲ្យមានភាពស្រស់បំព្រង ថែមទាំងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ នៅក្នុងប្រទេសកម្ពុជា ដើមកោងកាងមានប្រហែល ៣០ ប្រភេទ (ការស្រាវជ្រាវថ្មី) ចំណែកឯព្រៃកោងកាងដែលធំជាងគេបំផុតក្នុងប្រទេសយើង គឺស្ថិតនៅក្នុងខេត្តកោះកុង ហើយវាកំពុងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នោះ។ ដូចនេះហើយទើប កាលពីថ្ងៃទី ១៦ កញ្ញា ២០១៩នេះ លោកជំទាវ មិថុនា ភូថង  គណៈអភិបាលខេត្តកោះកុង បានដឹកនាំ កម្មសិក្សាការីបានរៀបចំកម្មវិធីដាំដើមកោងកាងនៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្នុងគោលបំណង ពង្រីកចំណេះដឹងអំពីអត្ថប្រយោជន៍នៃព្រៃកោងកាង ដើម្បីចូលរួមរក្សាអេកូទេសចរណ៍ក្នុងប្រទេសកម្ពុជា និងការពារអភិរក្សធនធានធម្មជាតិ រួមទាំងព្យាយាមជម្រុញឲ្យមានការដាំនូវដើមកោងកាងបន្ថែមទៀតផងដែរ។ 

លោកជំទាវ ងិន លីណា តំណាងឱ្យកម្មសិក្សាការីនៃវគ្គថ្នាក់ដឹកនាំ ​និងគណៈគ្រប់គ្រងស្ត្រី ឆ្នាំ២០១៩ បានបញ្ជាក់ថាការចូលរួមដាំដើមកោងកាងនេះមានសារៈសំខាន់ណាស់ ដែលដើមកោងការបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថានដូចជា៖ 

១) ដើមកោងកាងជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងបង្កើនចំណូលដល់ប្រជាសហគមន៍។ 

២) ដើមកោងកាងជួយជាជំរកដល់ជីវៈចម្រុះគ្រប់ប្រភេទដូចជាក្តាម បង្គារជាដើម។ 

៣) ដើមកោងកាងជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរពីរលកបក់បោក ជួយធ្វើឱ្យទឹកសមុទ្រមានសភាពថ្លាល្អ ជួយបន្សុទ្ធខ្យល់អាកាសឱ្យមានគុណភាពល្អ និងមានផាសុកភាពបរិស្ថាន។

លើសពីនេះទៅទៀត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រសិនបើមិត្តអ្នកអានទាំងអស់គ្នាមានបំណងចង់សំរាកពីការងារ និងលំហែកាយនៅសមុទ្រនោះ ខេត្តកោះកុង គឺជាទិសដៅមួយដែលអ្នកពុំគួរមើលរំលង ព្រោះនៅរដូវភ្លៀងអាកាសធាតុនេះ ព្រៃកោងកាងមានសភាពត្រជាក់ល្អ អមជាមួយធម្មជាតិបៃតងស្រស់ស្អាត ដោយលោកអ្នកត្រូវចំណាយត្រឹមតែ ៣,០០០ រៀលប៉ុណ្ណោះក្នុងការចូលទស្សនាព្រៃកោងកាង តំបន់អភិរក្សទំហំ ២,៥៦៧ ហិចតា ហើយលោកអ្នកក៏ងាយស្រួលក្នុងការទៅកម្សាន្ដនៅឆ្នេខ្សាច់ សមុទ្រ និងកោះស្អាតៗជាច្រើនទៀតនៅក្នុងខេត្កកោះកុងផងដែរ។ 

ប្រភពមកពីក្រសួងបរិស្ថាន