របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់បានបង្ហាញថា កាលពីឆមាសទី១ ឆ្នាំ២០២៣ គម្រោងសរុបចំនួន ២ ០៣៦ ត្រូវបានទទួល លិខិតអនុញ្ញាតសាងសង់ ដែលស្មើនឹងផ្ទៃក្រឡា សាងសង់សរុប ៨ លានម៉ែត្រការ៉េ គិតជាទឹកប្រាក់ សាងសង់ប្រមាណ ២,៩៧ ពាន់លានដុល្លារ។ របាយការណ៍ដដែល បញ្ជាក់ថា គិតមកទល់បច្ចុបន្ននេះ កម្ពុជា មានគម្រោងសាងសង់ចំនួន ៦៣ ៩០៣ គម្រោងមកហើយ ស្មើនឹងផ្ទៃក្រឡាសំណង់ ១៨១ លានម៉ែត្រការ៉េ ឬសរុបជាទឹកប្រាក់វិនិយោគ ប្រមាណ ៧២ ពាន់លានដុល្លារ។
វិស័យសំណង់ និងអចលនទ្រព្យ ជាសសរស្ដម្ភដ៏សំខាន់មួយ ក្នុងចំណោមសសរស្ដម្ភទាំង ៤ ក្នុងសេដ្ឋកិច្ចកម្ពុជា ក្រៅពីការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ និងកសិកម្ម អស់រយៈពេល ជាងមួយទសវត្សកន្លងមកហើយ។ ប៉ុន្តែវិស័យនេះ ត្រូវបានបង្អាក់ដោយ វិបត្តិរាតត្បាតជំងឺកូវីដ-១៩ ទាំងលំហូរទុនវិនិយោគ និងសង្វាក់នៃការផ្គត់ផ្គង់។ ចាប់តាំងពីឆ្នាំ២០០០ មកទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងសាងសង់ អគារខ្ពស់ចាប់ពីកម្ពស់ ៥ ជាន់ឡើងទៅ សរុបចំនួន ២ ៦០៩ គម្រោង ដោយនៅរាជធានីភ្នំពេញ មានអគារខ្ពស់ចំនួន ១ ៧១៨ អគារ, ខេត្តព្រះសីហនុ ចំនួន ៦៩៣ អគារ, ខេត្តបន្ទាយមានជ័យចំនួន ១៥៥ អគារ និងខេត្តផ្សេងៗទៀតចំនួន ៤៣ អគារ។ ចំណែកគម្រោងសាងសង់ បុរីលំនៅដ្ឋានមានលើសពី ៥០០ គម្រោងលំនៅដ្ឋាន ១៨ ៤០០ ខ្នង ដែលស្មើនឹងទំហំសាងសង់ចំនួន ៣៨,៨ លានម៉ែត្រក្រឡា សរុបជាទឹកប្រាក់វិនិយោគ ១៥,៤ ពាន់លានដុល្លារ។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា វិស័យសំណង់នៅកម្ពុជា ទទួលរងផលប៉ះពាល់ពី វិបត្តិជំងឺរាតត្បាតកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃ កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែឆ្នាំ២០២៣ យើងបានឃើញនូវ ភាពងើបឡើងវិញយឺត នៃវិស័យសំណង់និង អចលនទ្រព្យ យ៉ាងណាវាជាសញ្ញា វិលទៅរកភាពវិជ្ជមានឡើងវិញ។ ឯកឧត្តម បានបន្ដថា វិស័យសំណង់និងអចលនទ្រព្យ នៅក្នុងឆ្នាំនេះ ត្រូវការទុនវិនិយោគពីបរទេស ជាពិសេសគម្រោងវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលធ្វើអោយវិនិយោគិន អាចបណ្ដាក់ទុន និងសាងសង់សំណង់ផ្សេងៗ បន្ថែមដើម្បីបំពេញ តម្រូវការប្រើប្រាស់។
របាយការណ៍ ពីធនាគារជាតិ បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យ បានងើបឡើងវិញជាបណ្ដើរ ខណៈដែលការនាំចូលសម្ភារៈសំណង់ និងឧបករណ៍សាងសង់ បានកើនឡើង ០,៤% កាលពីឆមាសទី១ នៃឆ្នាំ២០២៣ ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។