៩ ខែនៃឆ្នាំ ២០២៣ កម្ពុជា ទទួលគម្រោងវិនិយោគថ្មីបាន ១៩១ គម្រោង គិតជាប្រាក់ទុនជាង ៣,៧ពាន់លានដុល្លារ


ភ្នំពេញ៖ គម្រោងស្នើសុំ ពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មីចំនួន ១៩១ គម្រោង ត្រូវបានអនុម័ត ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣ កើនឡើងពី ១៥០គម្រោង ដែលបានចុះបញ្ជី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាក់ស្តែង គម្រោងស្នើសុំពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មី មានទុនវិនិយោគសរុបប្រមាណ ៣ ៧៦៥ លានដុល្លារ កើនឡើងពី ៣ ៤៥៩ លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

បន្ថែមពីនេះ របាយការណ៍នេះបានបង្ហាញថា គម្រោងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៥០គម្រោង មានទុនវិនិយោគសរុប ៦៣៩លានដុល្លារ និងគម្រោងវិនិយោគ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤១គម្រោង មានទុនវិនិយោគសរុប ៣ ១២៥ លានដុល្លារ។

គួរឲ្យដឹងដែរថា ក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១,៦ពាន់លានដុល្លារ និងអាចបង្កើតការងារ បានប្រមាណជាង ៣២ពាន់កន្លែង។

គូសសម្គាល់ផងថា វិនិគិនប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកវិនិយោគពី បរទេសធំជាងគេនៅកម្ពុជា ដែលរួមចំណែប្រមាណ ៧៦% នៃទុនវិនិយោគសរុប ក្នុងរយៈពេល៩ខែ។ វិនិយោគផ្សេងទៀត មានវិនិយោគក្នុងស្រុក ពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី វៀតណាម កូរ៉េ ថៃ សហរដ្ឋអាមេរិក ព្រុយណេ ស៊ុយអែត កាណាដា ប្រទេសសាម័រ និង British Virgin Islands ជាដើម។