កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ ត្រូវបានដាក់សម្ពោធ ប្រើប្រាស់ជាផ្លូវការ ក្រោមអធីបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបើកដំណើរការសាងសង់ អស់រយៈពេលជិត ២ ឆ្នាំ និងចំណាយថវិកា សាងសង់ប្រមាណ ៦០ លានដុល្លារ។
អគារទីស្ដីការក្រសួងមហាផ្ទៃ ស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ស្ថិតនៅក្នុងបរិវេណ ទីតាំងចាស់នៃក្រសួងមហាផ្ទៃ ដែលមានផ្ទៃដីសរុប ៥០៩ ៥៣៩ ម៉ែត្រការ៉េ បែទៅទិសខាងកើតនេះទន្លេចតុមុខ។ អគារនេះ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងចំណាយពេលសរុប ១ ឆ្នាំ ៣៦០ ថ្ងៃដើម្បីបញ្ចប់ ដោយផ្ទៃអគារមានប្រវែង ១៥៣ ម៉ែត្រ ទទឹង ៨៣ ម៉ែត្រ កម្ពស់ ៩ ជាន់ និងមានផ្ទៃក្រឡាអគារសរុប ១០៥ ៥៤៥ ម៉ែត្រការ៉េ អាចផ្ទុកមនុស្សបានចំនួន ៦ ០៥១ នាក់ និងមានទីចំណតរថយន្ដសរុប ៣៣០ គ្រឿង។
រចនាប័ទ្មរបស់អគារ ត្រូវបានយកលំនាំតាមប្រាសាទអង្គរវត្ត ដែលមានកំពូលប្រាំ មានកម្ពស់ ១១៨ ម៉ែត្រ និងជាការផ្សំបញ្ចូលគ្នា នៃស្ថាបត្យកម្មបែបខ្មែរបុរាណ និងតាមបែបទំនើប សាងសង់ពីគ្រឿងបង្គុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលិញ និងមានលំហសួនច្បារ នៅចំកណ្ដាលអគារចំនួន ៣ កន្លែង។ សំណង់នេះ ត្រូវបានគិតគូរយ៉ាងហ្មត់ចត់ពីពន្លឺ លំហូរចេញចូលខ្យល់ធម្មជាតិ លំហបៃតង ការប្រើប្រាស់ពណ៌អគារ និងក្បាច់រចនាជាច្រើនទៀត។
អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ មិនត្រឹមតែបានបង្ហាញនូវ សំណង់ស្ថាបត្យកម្មខ្មែរបុរាណ និងបែបទំនើបប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដើម្បីធ្វើជា ការិយាល័យធ្វើការ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមហាផ្ទៃ ក្នុងបេសកកម្មបំរើជាតិមាតុភូមិ តាមតួនាទី ភារកិច្ចរបស់ខ្លួន។