សៀមរាប៖ ប្រាសាទបាភួន គឺជាប្រាសាទដ៏ចំណាស់មួយ របស់ខ្មែរ មានអាយុកាលក្បែរ ១ពាន់ឆ្នាំ ដែលមានឈ្មោះដើមហៅថា “ត្រីភូវនចូនាមណី” ដែលក្រោយមកឈ្មោះនេះ នៅសល់តែពាក្យភូវុន ក្លាយជាភុន ឬភួនវិញ ពាក្យភុវនមានន័យថា ”អ្នកដែលគ្រប់គ្រងលើភពទាំងបី”។ នៅចំពីមុខតួរបស់ប្រាសាទ បែរទៅទិសខាងកើត មានស្ពានដើរចូលប្រវែង ២០០ម៉ែត្រ x ២.៥០ម៉ែត្រ ទ្រដោយសសរមូលចំនួន ៥៤៧ដើម រៀបយ៉ាងស្មើស្ពាននេះ កសាងឡើងដើម្បីជា តំណាងឱ្យ ផ្លូវភ្ជាប់ពីឋានមនុស្សទៅឋានសួគ៌។ នៅខាងឆ្វេងដៃស្ពាន មានស្រះមួយមានទំហំ ៣៧ម៉ែត្រx២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។
គូសសម្គាល់ថា ប្រាសាទនេះជាពីរ៉ាមីត ដ៏ធំមួយកំពស់ ៣៥ម៉ែត្រ ដែលចែកចេញបីថ្នាក់ ដែលព្រះបាទឧទយាទិត្យវរ្ម័នទី២ សាងឡើងនៅស.វ.ទី១១ ដើម្បីតម្កល់លិង្គមួយ នៅជាន់លើបង្អស់។ អ្នកជំនាញធំៗដែលធ្លាប់បាន ស្រោចស្រង់ប្រាសាទនេះ ក្នុងលក្ខណៈជាសង្គ្រោះបន្ទាន់ក្តី ឬជួសជុលក្នុងបំណង ឲ្យបានយូរអង្វែងនៅតាមទីដែលរលំខ្លះក្តី សុទ្ធសឹងយល់ស្របគ្នាថា វិស្វកម្មដែលប្រើក្នុង ការកសាងប្រាសាទជាលើកដំបូង មានខ្ចោះដោយសារគិតមិនដល់ តាំងពីដើមទី។
គួររម្លឹកដែរថា ក្នុងប្រវត្តិនៃការជួសជុល បុរាណស្ថានអង្គរទាំងប៉ុន្មាន គឺប្រាសាទបាភួននេះហើយ ដែលទទួលការជួសជុលច្រើនលើក ហើយធំធេងវែងឆ្ងាយជាងគេ។ បើរាប់តែកម្មវិធីជួសជុល ចុងក្រោយបង្អស់គឺ ចាប់ផ្តើមនៅទសវត្ស ១៩៦០ អស់ច្រើនឆ្នាំ ហើយផ្អាកមួយរយៈវែង ទើបចាប់ផ្តើមបន្តមកទៀត នៅឆ្នាំ១៩៩៥ អស់រយៈពេលប្រមាណ១៤ឆ្នាំទៀត។
ចម្លាក់រូបទាំងអស់របស់ប្រាសាទនេះ គឺជាទីត្រកាលភ្នែកដ៏ពន់ពេក។ បើកុំនិយាយពីហោជាង និងផ្តែរនានា ចម្លាក់ជាក្បាច់ក្រឡោត តែងតែបង្ហាញក្នុងស៊ុម ដាច់ចេញពីគ្នាដោយមានរឿងខុសៗគ្នា។ ជួនកាលរូបនោះរំលេចឈុតណាមួយនៃ ទេពកថាដែលយើងស្គាល់ ខ្លះទៀតបង្ហាញពី ទិដ្ឋភាពផ្សេងៗនៃការរស់នៅរាល់ថ្ងៃ នៃប្រជាជនសាមញ្ញ។ ប៉ុន្តែជាញឹកញយដែរ គេប្រទះឃើញរូបប្លែកៗ ដែលលំបាកនឹងបកស្រាយ ថាអ្នកឆ្លាក់ចង់បង្ហាញពីអ្វី។
គួរឲ្យដឹងដែរថា ការឧទ្ទិសទៅព្រះឥសូរ ដែលជាន័យដើមនៃប្រាសាទនេះ គេបោះបង់ចោលជាស្ថាពរ នៅស.វ.ទី១៦ ដើម្បីងាកទៅរក ព្រះពុទ្ធសាសនាពេញទី។ នៅជំនាន់នោះ គេរៀបចំឡើងវិញនូវថ្មជាច្រើនរាប់មិនអស់ ដែលរលំធ្លាក់មកពីជាន់ទី២ នៅផ្នែកខាងលិច ឲ្យទៅជារូបព្រះពុទ្ធអង្គ ចូលនិព្វានប្រវែងជាង៦០ម៉ែត្រ។
នៅសម័យនោះហើយ ដែលប្រាសាទបាភួនថ្កុំថ្កើងឡើងវិញ មួយរយៈពេលជាថ្មីទៀត។ ការកែប្រែស្ថាបត្យកម្មដើម មកឲ្យបម្រើសាសនាថ្មីក្នុង កម្រិតធំធេងបែបនេះ មានតែនៅភ្នំបាខែង ដែលនៅខាងត្បូងបរិវេណអង្គរធំនេះទេ ដែលអាចប្រៀបគ្នាបាន។
រូបភាព÷ ជា វណ្ណៈ