កម្ពុជា នាំចូលសម្ភារៈសំណង់ ក្នុងតម្លៃប្រមាណជាង ១,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើង ០,៣៣% បើធៀបនឹងឆ្នាំ២០២២


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបាននាំចូល សម្ភារៈសំណង់សរុបតម្លៃ ១ ៣៣៣លានដុល្លារ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២២។

ជាក់ស្តែង តម្លៃនៃការនាំចូលសម្ភារៈទាំងនេះ ត្រូវបានប្រើប្រាស់ក្នុង ការងារសាងសង់មានការកើនឡើង ០,៣៣% នេះបើធៀបនឹងតម្លៃនាំចូល កាលពីឆ្នាំ២០២២ ដែលមានតម្លៃ ១ ៣២៥ លានដុល្លារ។

បន្ថែមពីនេះ របាយការណ៍ដដែល បានបង្ហាញទៀតថា កម្ពុជាបាននាំចូលស៊ីម៉ង់ដ៍ ពីក្រៅប្រទេស មានតម្លៃសរុបជិត ២០លានដុល្លារ ធ្លាក់ចុះ ២១% ខណៈការនាំចូលដែក និងដែកថែប មានតម្លៃសរុប ៣៧២លានដុល្លារ កើនឡើង ៣,៥% ផងដែរ។