ភ្នំពេញ៖ កម្ពុជា បានកំណត់គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ ២០២៤-២០៣០ ដោយជឿថាវានឹង ជួយកែលម្អបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងការទទួលបានបច្ចេកវិទ្យាថ្មីៗ ស្របតាមនិន្នាការក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរក ឧស្សាហកម្មបៃតង។
ជាក់ស្តែង ក្នុងគោលនយោបាយ ការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ ២០២៤-២០៣០ ដែលត្រូវបានប្រកាស កាលពីពេលថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីគោលដៅនៃ ការមានរថយន្តអគ្គិសនី (EVs) ចំនួន ៨ សែនគ្រឿង នៅលើដងផ្លូវត្រឹមឆ្នាំ ២០៣០។ រាជរដ្ឋាភិបាល ក៏ផ្តោតថា គោលនយោបាយនេះនឹងរួមចំណែក ដល់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា និងការប្រើប្រាស់យានយន្តអគ្គិសនី ក្រៅពីទាក់ទាញអ្នកវិនិយោគ មកក្នុងវិស័យនេះ ផងដែរ។
គូសសម្គាល់ដែរថា ការប្រើប្រាស់យានជំនិះអគ្គិសនី អាចជួយសន្សំសំចៃថវិកា ជាងការប្រើប្រាស់ យានយន្តដែលប្រើប្រេង។ យានជំនិះអគ្គិសនី មានប្រសិទ្ធភាពជាងម៉ាស៊ីនសាំងប្រហែល ប្រាំទៅប្រាំមួយដងក្នុងការបំប្លែងថាមពល ទៅជាចលនា ដែលបណ្តាលឱ្យមាន ការចំណាយលើ ការធ្វើដំណើរទាបជាងពេលបច្ចុប្បន្ន នេះបើយោងតាមគោលការណ៍វិទ្យាសាស្រ្ត។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានមានប្រសាសន៍ថា យានជំនិះអគ្គិសនីនឹងនាំមកនូវ អត្ថប្រយោជន៍ជាច្រើន ទាក់ទងនឹងបរិស្ថាន សេដ្ឋកិច្ច សន្តិសុខ ថាមពល និងជាពិសេសការទទួលបាន បច្ចេកវិទ្យាថ្មីៗស្របតាម និន្នាការក្នុងតំបន់ និងពិភពលោក។
ថ្មីៗនេះ បើតាមរបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ប្រទេសកម្ពុជាបានចុះបញ្ជី រថយន្តអគ្គិសនីចំនួន ១,៦១៤ គ្រឿង គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤។ ក្នុងនោះដែររួមមាន ៦៥៨ គ្រឿងផលិតដោយក្រុមហ៊ុន BYD, ២៦១ គ្រឿងពីក្រុមហ៊ុនតូយ៉ូតា និង ១៨៦ គ្រឿងពីក្រុមហ៊ុន Tesla ដែលទាំងបីនេះ សុទ្ធសឹងជា ម៉ាក EV ពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
បន្ថែមពីនេះ កម្ពុជាក៏បានចុះបញ្ជី ម៉ូតូអគ្គិសនីចំនួន ៩១៤ គ្រឿង និងយានយន្តអគ្គិសនីកង់បី ចំនួន ៤៤០ គ្រឿងផងដែរ។
គូសសម្គាល់ដែរថា បច្ចុប្បន្ននេះ ស្ថានីយសាកអាគុយ យានយន្តអគ្គីសនីមានចំនួន ១៨ ទីតាំង នៅក្នុងប្រទេសកម្ពុជា។