គិតត្រឹមពាក់កណ្តាលខែសីហានេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦% ហើយ!


ភ្នំពេញ៖ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា រួចមក គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦% ហើយ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ។

យោងតាមក្រសួងសាធារណការ បានឲ្យដឹងថា បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះចំនួន ៣៦ដើមបានចាក់បេតុងរួច ក្នុងចំណោម ១៥៦ដើម និងចាក់ជើងតាងបាន ៦ ក្នុងចំណោម ២០ ជើងតាង។ ចំណែកឯការងារហេដ្ឋារចនាសម្ព័ន្ធផ្នែកក្រោមវិញ គឺបាន ចាក់សរសរភ្លោះបាន ៤ ក្នុងចំណោម ១២ សសរ ព្រមទាំងការងារសំខាន់ៗ មួយចំនួនទៀត។

គូសសម្គាល់ឲ្យដឹងដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយ ក្រុមហ៊ុនក្វាងចូវវ៉ានអាន។

 

ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន