កម្ពុជា ចំណាយប្រមាណជាង ៦២ លានដុល្លារ សាងសង់អគារថ្មីបន្ថែមចំនួន៣ ជាអគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត ក្នុងមន្ទីរពេទ្យកាល់ម៉ែត!


ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៦ កញ្ញានេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារ ០៣បន្ថែមទៀត នៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្កើនការផ្តល់ សេវាសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែ មានប្រសិទ្ធភាព ដោយពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នេះ មានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្រោមវត្តមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

បើតាមហ្វេសបុកផេកផ្លូវការរបស់ សម្តេចធិបតី គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាសរុបចំនួន ៦២.៤១៥.៦០០ ដុល្លារអាមេរិក ក្នុងនោះរួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅក្នុងបរិវេណ មន្ទីរពេទ្យកាល់ម៉ែត។

គួរឲ្យដឹងដែរថា មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។

ដោយឡែក ចំពោះអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥,២៣ ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែម សម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្ម ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជម្ងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។

សម្រាប់អគារចំណត និងរោងជាង នឹងផ្តល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណតនេះ មានបណ្តោយ ៧២ ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់  ស្មើនឹង ២៨,៥៦៨ ម៉ែត្រក្រឡា ដែលអាចផ្ទុកម៉ូតូ ចំនួន ៤៦៥គ្រឿង រថយន្តចំនួន ៥៤៦គ្រឿង រួមមានអាហារដ្ឋាន ផ្នែកបច្ចេកទេសអេឡិចត្រូនិច និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ឬហៅថា Simulation Center ផងដែរ។

ប្រភពដដែលបានឲ្យដឹងថា អគារទាំង ៣នេះ នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់ ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ ជាមួយនឹងការបរិច្ចាគពីសប្បុរសជននានា ដែលបានចូលរួម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ក្រោមពាក្យស្លោក “បរិច្ចាគដើម្បីជីវិតមនុស្ស” រួមនឹងថវិកាស្វយ័តសន្សំ រំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។

សមិទ្ធផលជាតិថ្មីដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍវិស័យសុខាភិបាលដល់កម្រិតស្តង់ដាតំបន់ និង អន្តរជាតិ។

 

ប្រភពពី ហ្វេសបុកផេក សម្តេចធិបតី នាយករដ្ឋមន្ត្រី