វិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ តំណាងអោយនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញអំពីតម្លៃទំនើប និងបុរាណ មានសរសេរចារឹកនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានអនុម័តចាប់ពីឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញមានលក្ខណៈទំនើបប្រជាធិបតេយ្យជឿនលឿន ដោយផ្អែកលើគុណតម្លៃធម្មនុញ្ញទំនើប ជាមូលដ្ឋានគ្រឹះនៃ ការកសាងរចនាសម្ព័ន្ធសង្គម គឺ «ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ» និងបង្កប់នូវគុណតម្លៃវប្បធម៌ សាសនា និងប្រពៃណីជាតិ ស្របទៅនឹងបាវចនាជាតិ «ជាតិ សាសនា ព្រះមហាក្សត្រ» ផងដែរ។
១. ការជ្រើសរើសទីតាំង
វិមានរដ្ឋធម្មនុញ្ញ ត្រូវបានជ្រើសរើសសាងសង់លើ ទីតាំងដ៏សំខាន់ក្នុងរាជធានីភ្នំពេញ គឺសួនច្បាររាងត្រីកោណ ស្ថិតនៅប៉ែកខាងលិច នៃវិមានឯករាជ្យ ដែលជានិមិត្តរូបជាតិ ចំណែកប៉ែកខាងត្បូង មានវត្តលង្កាព្រះកុសុមារាម ជានិមិត្តរូបនៃសីលធម៌ និងប៉ែកខាងជើង មានវិទ្យាស្ថានជាតិអប់រំ ជានិមិត្តរូបនៃចំណេះវិជ្ជា។ បន្ថែមពីនេះ សំណង់វិមានរដ្ឋធម្មនុញ្ញ ក៏ស្ថិតនៅស្របគ្នាជាមួយនឹង សំណង់ប្រវត្តិសាស្ត្រចំនួន ៣ ផងដែរ គឺមណ្ឌបព្រះបរមរូប សម្តេចព្រះនរោត្តម សីហនុ ជានិមិត្តរូប ព្រះមហាក្សត្រ, វិមានឯករាជ្យ ជានិមិត្តរូប ជានិមិត្តរូបជាតិ និងវិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូប សាសនា និងច្បាប់ ដែលស្របនឹងទស្សនទានជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលជាព្រលឹងជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
២. ការសាងសង់
វិមានរដ្ឋធម្មនុញ្ញ ត្រូវបានគូសប្លង់រចនាដោយ ស្ថាបត្យករ លី រស្មី រួមជាមួយក្រុមអ្នកបច្ចេកទេសជំនាញជា ស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សសាស្ត្រ សរុបចំនួន ៧០ រូប។ សំណង់នេះ ត្រូវបានចំណាយថវិកាជាតិប្រមាណ ២,២ លានដុល្លារ ដោយរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ប្រើប្រាស់រយៈពេលសាងសង់ ១៤ ខែ និងសម្ពោធជាផ្លូវការនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ ជាខួបលើកទី៣១ នៃការដាក់អោយប្រើប្រាស់រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា។
៣. ស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញ
វិមានរដ្ឋធម្មនុញ្ញ មានស្ថាបត្យកម្ម សណ្ឋានសំយោគរវាង ស្ថាបត្យកម្មក្រិករ៉ូម៉ាំង ជានិមិត្តរូបនៃគុណតម្លៃ ធម្មនុញ្ញទំនើប និងស្ថាបត្យកម្មខ្មែរបុរាណ ជានិមិត្តរូបនៃគុណតម្លៃប្រពៃណីខ្មែរ។ សំណង់ វិមានរដ្ឋធម្មនុញ្ញមានទំហំសរុប ២ ៣៨០ ម៉ែត្រក្រឡា សាងសង់បែរមុខទៅទិសខាងកើត ដោយមានកម្ពស់ពី ទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ ម៉ែត្រ ដោយសំណង់បែងចែកចេញជា ២ ផ្នែកដូចខាងក្រោម៖
*ផ្នែកទី១ គឺវិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរសន្ដិមូលសាល ជាទីតាំងស្ដម្ភរដ្ឋធម្មនុញ្ញ។ សសរស្ដម្ភរដ្ឋធម្មនុញ្ញ មានរាង ៦ ជ្រុង ដែលជ្រុងខាងមុខមាន ចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង ៥ ជ្រុងផ្សេងទៀត សម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំ នៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្ដិភាពដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន គឺបំបែក ឯកោ បញ្ចប់ សមាហរណកម្ម និងអភិវឌ្ឍន៍ តំណាងដោយព្យញ្ជានៈប្រាំតួ គឺ «ប-ឯ-ប-ស-អ»។
ចំណែកការរចនាសន្លឹកទ្វារទាំង ៤ មានទ្វារធំនៅទិសខាងកើត ទ្វារបញ្ចោត ៣ នៅទិសខាងលិច ខាងត្បូង និងខាងជើង។
• ទ្វារខាងកើត តំណាងគុណតម្លៃនៃសិទ្ធមនុស្ស៖ រចនាជារូបកងចក្របែបចង្កូតនាវា មានកាំចំនួន ៥ តំណាងគុណតម្លៃសិទ្ធមនុស្ស «សិទ្ធនយោបាយ សិទ្ធសេដ្ឋកិច្ច សិទ្ធសង្គម សិទ្ធិវប្បធម៌ និងសិទ្ធពលរដ្ឋ»។
• ទ្វារខាងលិច តំណាងគុណតម្លៃនីតិរដ្ឋ៖ មានរចនាជារូបអាទិទេព រចនាប័ទ្មរ៉ូម៉ាំងមួយអង្គ មួយចំហៀងជាទេពបុរស មួយចំហៀងជាទេពស្ដ្រី ស្លៀកពាក់បែបមន្ត្រី ប៉ុន្តែអត់ពាក់ស្បែកជើង បែបសាមញ្ញជន ហើយទូលគម្ពីនៅលើសិរសា។ រូបនេះ តំណាងអោយគ្រប់ស្រទាប់វណ្ណៈ នៃសង្គមខ្មែរ រួមមានព្រះមហាក្សត្រ នាម៉ឺនមន្ត្រី និងប្រជានុរាស្ត្រ។
• ទ្វារខាងត្បូង តំណាងគុណតម្លៃនៃប្រជាធិបតេយ្យ៖ មានរចនារូបអាទិទេព រចនាប័ទ្មរ៉ូម៉ាំង ដោយព្រះហស្ដឆ្វេងទ្រហិបឆ្នោត និងព្រះហស្តស្ដាំលើកចង្អុលដៃ ដែលតំណាងការអនុវត្តប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ដែលមានការបោះឆ្នោតជាមូលដ្ឋានគ្រឹះ។
• ទ្វារខាងជើង តំណាងគុណតម្លៃ នៃការបែងចែកអំណាច ដាច់ពីគ្នានៃអំណាចទាំង៣៖ មានរចនារូបអាទិទេព រចនាប័ទ្មរ៉ូម៉ាំងមួយអង្គ ឈរលើខឿនមួយ មានព្រះហស្ដស្ដាំកាន់ត្រីសូល៍ ដែលតំណាងអោយអំណាចទាំង ៣ និងព្រះហស្ដឆ្វេងកាន់គម្ពីរ តំណាងអោយ ការអនុវត្តអំណាចទាំង៣ អនុលោមតាមច្បាប់។
*ផ្នែកទី២ គឺតួមហាបុស្បុក មានទម្ងន់សរុបប្រមាណ ១២ តោន កសាងពីសំរឹទ្ធប្រមាណ ៧០% ស្ពាន់ប្រមាណ ៣០% ក្នុងទម្រង់សិល្បៈខ្មែរ ប្រកបដោយក្បូរក្បាច់ ដ៏ល្អិតល្អន់ ល្អវិចិត្រ សាងឡើងតាមក្បួនខ្នាត រចនាបថខ្មែរបុរាណ។ ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំអោយសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជាសិលាលោហប្រាសាទ ដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាសំណង់ សតវត្សរ៍ក្នុងពេលអនាគត។