វឌ្ឍនភាពនៃ ការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជា


យានយន្ដអគ្គិសនី ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅសហរដ្ឋអាមេរិក អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ប៉ុន្តែសម្រាប់ពិភពលោក ទីផ្សារយានយន្ដអគ្គិសនី ទើបតែឃើញមានសន្ទុះឡើង ចាប់ពីឆ្នាំ២០២២ នេះប៉ុណ្ណោះ។

ទន្ទឹមនេះ ប្រទេសកម្ពុជា យើងបានឃើញនូវ សន្ទុះកើនឡើងឆាប់រហ័ស នៃការប្រើប្រាស់យានយន្ដអគ្គិសនី ស្របទៅនឹងគោលនយោបាយជាតិ ជំរុញការប្រើប្រាស់យានយន្ដអគ្គិសនី និងគោលនយោបាយ ឆ្ពោះទៅក្លាយជាប្រទេសកាបូនអព្យាក្រឹត របស់រាជរដ្ឋាភិបាល។ ដូចនេះ យានយន្ដអគ្គិសនី ដើរតួនាទីយ៉ាងសំខាន់ ដើម្បីសម្រេចបាននូវផែនការទាំងនោះ។

១. វឌ្ឍភាពនៃយានយន្ដអគ្គិសនី

របាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ រថយន្ដអគ្គិសនី ម៉ូតូអគ្គិសនី និងរ៉ឺម៉កកង់បីអគ្គិសនី បានចុះបញ្ជីសរុបមានចំនួន ៣ ៦៧៦ គ្រឿងមកហើយ ក្នុងនោះមានរថយន្ដខ្ទង់ ២ ពាន់គ្រឿង និងម៉ូតូជាង ១ ពាន់គ្រឿង ជាចំនួនកើនយ៉ាងឆាប់រហ័ស បើធៀបទៅនឹងត្រឹមខែមិថុនា ឆ្នាំ២០២៤ យើងមានត្រឹម ២ ៩៦៨ គ្រឿង។ សន្ទុះកើនឡើងជាង ៥០០% នៃចំនួនយានយន្ដអគ្គិសនី បានបង្ហាញពីផ្នត់គំនិត និងបរិបទថ្មីនៃការប្រើប្រាស់ យានយន្ដធ្វើដំណើរ បូករួមជាមួយពន្ធលើកទឹកចិត្ត ប្រើប្រាស់យានយន្ដអគ្គិសនី ពីរាជរដ្ឋាភិបាល។ ក្រុមហ៊ុនយានយន្ដអគ្គិសនី ដែលបានឈានជើងមកទីផ្សារកម្ពុជា មានដូចជា ក្រុមហ៊ុន BYD, Toyota, Tesla, BMW, AION, MG, Denza, Volkswagen, GAC, និង Letin ជាដើម។

២. អត្ថប្រយោជន៍ នៃយានយន្ដអគ្គិសនី

យានយន្ដអគ្គិសនី ផ្ដល់នូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ សេដ្ឋកិច្ច និងបរិស្ថាន ដូចជា៖ ការកាត់បន្ថយនូវការបំភាយឧស្ម័នពុល ពីចំហេះយានយន្ដ កាត់បន្ថយការរំខានដោយសម្លេង លើកកម្ពស់សុខុមាលភាពទីក្រុង ការសន្សំសំចៃថវិកា ការបង្កើតការងារថ្មីៗដល់ពលរដ្ឋ ការកាត់បន្ថយ តម្រូវការប្រេងឥន្ធនៈ ធ្វើឱ្យតម្លៃប្រេងសកលចុះទាប និងការធានាបាននូវនិរន្តភាពបរិស្ថាន។ ត្រឹមឆ្នាំ ២០៣០ រាជរដ្ឋាភិបាល មានគោលដៅ ជំរុញការប្រើប្រាស់យានយន្ដអគ្គិសនី អោយបាន ៣០ ០០០ គ្រឿងទូទាំងប្រទេស ហើយជំរុញដល់ការប្រើប្រាស់ រថយន្ដអគ្គិសនី អោយមានដល់ ៤០% នៃចំនួនរថយន្ដប្រើប្រាស់សរុប និងម៉ូតូអគ្គិសនី ៧០% នៃចំនួនម៉ូតូប្រើប្រាស់សរុប នៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០៥០ ដើម្បីសម្រេចបាន ផែនការក្លាយទៅជា ប្រទេសអព្យាក្រឹតកាបូន។

៣. ការជំនះ និងបញ្ហាប្រឈម

រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ការប្រើប្រាស់ យានយន្ដអគ្គិសនី នៅកម្ពុជា តាមរយៈការបន្ថូរបន្ថយ ពន្ធនាំចូលរថយន្ដអគ្គិសនី ៥០% ទាបជាងការនាំចូលរថយន្ដសាំង។ កិច្ចសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ដំឡើងស្ថានីយ៍បញ្ចូល ថាមពលបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងជួយទាក់ទាញក្រុមហ៊ុនវិនិយោគ យានយន្ដអគ្គិសនី មកក្នុងប្រទេស ដើម្បីផ្ដល់នូវការងារ ជំនាញ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ យ៉ាងណាមិញ យើងក៏មើលឃើញនូវបញ្ហាប្រឈម មួយចំនួន ទៅលើការប្រើប្រាស់យានយន្ដអគ្គិសនីផងដែរ ជាក់ស្ដែង ទីមួយគឺតម្លៃរថយន្ដអគ្គិសនីនៅកម្ពុជា ស្ថិតនៅកម្រិតខ្ពស់នៅឡើយ ដែលពិបាកទាក់ទាញចិត្តអ្នកប្រើប្រាស់, ទីពីរគឺទំនុកចិត្ត សម្រាប់អ្នកប្រើប្រាស់ពិបាកស្វែងរកគ្រឿងបន្លាស់ និងសេវាកម្ម, ទីបីគឺការធ្វើដំណើរឆ្ងាយ និងស្ថានីយ៍សម្រាប់សាកអាគុយ នៅមានកម្រិតទាបនៅឡើយ ពោលគឺមាននៅតែទីក្រុង និងតំបន់សំខាន់ៗប៉ុណ្ណោះ។

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន & CPR