អចលនទ្រព្យផ្នែកអាជីវកម្ម នៅរាជធានីភ្នំពេញ កំពុងប្រឈមបញ្ហាជាប់គាំង


វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហា ខណៈការលក់ ការជួល និងតម្លៃ កំពុងធ្លាក់ចុះ ចំណែកការបោះទុនវិនិយោគថ្មី មិនមានសន្ទុះកើនឡើងដូចមុនឡើយ ទោះបីជារាជរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផ្លូវថ្នល់ ស្ពានអាកាស ព្រែកជី និងអាកាសយានដ្ឋានក៏ដោយ។ បញ្ហាទាំងនេះ អ្នកជំនាញមើលឃើញថា បណ្ដាលមកពីវិស័យអចលនទ្រព្យកម្ពុជា ពឹងផ្អែកលើការវិនិយោគពី បរទេសខ្លាំង ហើយវិបត្តិសេដ្ឋកិច្ចសកល និងភាពតានតឹងនៃ ភូមិសាស្ត្រនយោបាយ បានអូសបន្លាយ ធ្វើអោយតម្រូវការអចលទ្រព្យនៅកម្ពុជា មិនអាចទាន់ងើបឡើងវិញ ក្នុងរយៈពេលខ្លីឡើយ។

របាយការណ៍ពី The World Property Journal បានបង្ហាញថា រយៈពេលកន្លះឆ្នាំ២០២៤ ទីផ្សារអចលនទ្រព្យផ្នែកអាជីវកម្ម នៅរាជធានីភ្នំពេញ កំពុងជាប់គាំង ធ្លាក់ចុះយ៉ាងគំហុក ទៅលើចំនួនលក់និងជួល។ ជាក់ស្ដែង ការិយាល័យកម្រិតខ្ពស់ នៅរាជធានីភ្នំពេញ ដាក់ជួលក្នុងតម្លៃ ២៧ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្ន មានអត្រាជួលត្រឹម ៦១% ប៉ុណ្ណោះ។ ចំណែកទីតាំងលក់រាយ ដូចជា ផ្សារទំនើបសហគមន៍ ម៉ល និងម៉ាត ធ្លាក់ចុះតម្លៃមកត្រឹម ២២ ដុល្លារក្នុងមួយការ៉េ និងមានអត្រាជួលត្រឹម ៥៨% ប៉ុណ្ណោះ។ ដោយឡែក តម្លៃខុនដូ នៅកណ្ដាលក្រុងវិញ ឃើញថាស្ថិតនៅតម្លៃប្រកួតប្រជែងគឺ ២ ៥០០ ដុល្លារ ក្នុងមួយការ៉េ និងមានអត្រាកើនឡើងការជួល ៥,៣% បើធៀបទៅនឹងពាក់កណ្ដាលឆ្នាំ ២០២៣។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) ការធ្លាក់ចុះនៃតម្រូវការអចលនទ្រព្យ នៅកម្ពុជា បណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចសកល ការធ្លាក់ចុះនៃទុនវិនិយោគបរទេស ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ សង្គ្រាម ភាពមិនប្រកដប្រជា លើហិរញ្ញវត្ថុសកល ហើយការអភិវឌ្ឍអចលនទ្រព្យ ក៏មានផ្គត់ផ្គង់ច្រើនលើសតម្រូវការដែរ។

លោក បានគូសរំលឹកថា កាលពីឆ្នាំ២០០៨ យើងធ្លាប់បានប្រឈមវិបត្តិហិរញ្ញវត្ថុសកល ម្ដងហើយ និងអាចស្ដារឡើងវិញ បានត្រឹមឆ្នាំ២០១២ ទៅប៉ុណ្ណោះ ដូចនេះ លោកបានព្យាករណ៍ថា អចលនទ្រព្យនៅកម្ពុជា អាចនឹងស្ដារឡើងវិញ ក្នុងរយៈពេលវែង ប្រហែលជានៅឆ្នាំ ២០២៨។

 

ប្រភព៖ Asia Property Awards