អូស្ត្រាលី ជាទ្វីបតូចបំផុតលើលោក ដែលមានប្រទេសតែមួយប៉ុណ្ណោះ គឺប្រទេសអូស្ត្រាលី!


នៅពេលនិយាយអូស្ត្រាលី គេប្រហែលជាច្រលំថា វាគឺជាប្រទេសមួយ ស្ថិតនៅទ្វីបអូសេអានី (Oceania) ប៉ុន្តែការពិត អូស្ត្រាលី គឺជាទ្វីបនៅដាច់ដោយឡែក មានប្រទេសតែមួយប៉ុណ្ណោះ គឺប្រទេសអូស្ត្រាលី។ ចំណែកអូសេអានី មិនមែនជាទ្វីបនោះទេ ពោលគឺជាតំបន់ភូមិសាស្ត្រ នៃបណ្ដាប្រទេសប្រជុំកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដែលរួមមានអនុតំបន់ Australasia, Melanesia, Micronesia, និង Polynesia ដែលបូករួមទាំងមូល មានប្រទេសអូស្ត្រាលី នូវែហ្សេឡង់ ឥណ្ឌូនេស៊ី ហ្វីជី Papua New Guinea និងប្រទេសជាច្រើនទៀត។ យើងអាចនិយាយបានយ៉ាងខ្លីថា អូស្ត្រាលី គឺជាប្រទេស ហើយក៏ជាទ្វីប ដែលមានតែមួយប្រទេសប៉ុណ្ណោះ។

អូស្ត្រាលី គឺជាទ្វីបដែលតូចជាងគេ ក្នុងចំណោមទ្វីបទាំង ៧ នៅលើពិភពលោក។ ទ្វីបនេះ មានផ្ទៃដីសរុប ៧,៦ លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ២៥ លាននាក់រស់នៅ ធ្វើអោយវាក្លាយជាទ្វីប ដែលមានដង់ស៊ីតេប្រជាជនរស់នៅទាបបំផុតលំដាប់ទី២ បន្ទាប់ពីទ្វីបទឹកកក អង់តាកតិច។ អង់តាកតិច ជាទ្វីបមានមនុស្សរស់នៅតិច ដោយសារតែវាជាទ្វីបទឹកកក មានផ្ទៃដីរស់នៅតិចតួចបំផុត ហើយពិភពលោក បានប្រើប្រាស់ទ្វីបនេះ សម្រាប់តែមជ្ឈមណ្ឌលស្រាវជ្រាវលើភូមិសាស្ត្រ ឧតុនិយម មហាសមុទ្រ តារាសាស្ត្រ និងដំណើរគោចរភពផែនដីប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើធៀបទៅតំបន់សហគមន៍អឹរ៉ុប មានផ្ទៃដីប្រមាណ ២ លានគីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅដល់ ៧៤៨ លាននាក់។

ហេតុអ្វីបានជាទ្វីបអូស្ត្រាលី មានមនុស្សរស់នៅតិច?

ទ្វីបអូស្ត្រាលី មានមនុស្សរស់នៅតិច យោងទៅតាមកត្តាភូមិសាស្ត្រ មិនសូវអំណោយផល ដោយផ្ទៃដីមួយភាគធំជាង ៧០% មិនអាចរស់នៅបានទេ (ភាគច្រើននៅតំបន់កណ្ដាលប្រទេស) ដែលសុទ្ធសឹងជាតំបន់វាលរហោឋាន តំបន់ពាក់កណ្ដាលវាលរហោឋាន កង្វះប្រភពទឹក និងកង្វះដីមានជីជាតិ ជាដើម។ ប្រជាជនអូស្ត្រាលី ប្រមាណ ៨៩% រស់នៅទីក្រុង ដែលភាគច្រើនគេរស់នៅ ភាគខាងកើត ភាគខាងត្បូង និងតំបន់ឈូងសមុទ្រភាគអាគ្នេយ៍ មានរាជធានីឈ្មោះ កង់បេរ៉ា និងបែងចែក តំបន់រដ្ឋបាលចេញជា ៦ រដ្ឋ។

ខាងក្រោមនេះ គឺជាទ្វីបទាំង ៧ ដែលមានផ្ទៃដីធំបំផុតលើពិភពលោក៖

១. ទ្វីបអាស៊ី មានផ្ទៃដី ៣១ លានគីឡូម៉ែត្រការ៉េ និងប្រជាជនរស់នៅ ៤,៨ ពាន់លាននាក់

២. ទ្វីបអាហ្វ្រិក មានផ្ទៃដីជាង ២៩ លានគីឡូម៉ែត្រការ៉េ និងប្រជាជនរស់នៅ ១,៥ លាននាក់

៣. ទ្វីបអឺរ៉ុប មានផ្ទៃដីជាង ២២ លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅ ៧៤៣ លាននាក់

៤. ទ្វីបអាមេរិកខាងជើង មានផ្ទៃដីជាង ២១ លានគីឡូម៉ែត្រការ៉េ និងប្រជាជនរស់នៅ ៦១៣ លាននាក់

៥. ទ្វីបអាមេរិកខាងត្បូង មានផ្ទៃដីជាង ១៧ លានគីឡូម៉ែត្រការ៉េ និងប្រជាជនរស់នៅ ៤៣៥ លាននាក់

៦. ទ្វីបអង់តាកតិច មានផ្ទៃដី ១៣,៧ លានគីឡូម៉ែត្រការ៉េ សឹងតែគ្មានមនុស្សរស់នៅ

៧. ទ្វីបអូស្ត្រាលី មានផ្ទៃដី ៧,៦ លានគីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅជាង ២៥ លាននាក់

ប្រភព៖ World Atlas