អាកាសយានដ្ឋាន តារាសាគរខេត្តកោះកុង ដែលមានតម្លៃចូល ២០០ លានដុល្លារ អាចនឹងបើកដំណើរការ នៅចុងខែវិច្ឆិកានេះ ឬដើមខែក្រោយ!


កោះកុង៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ១០ វិច្ឆិកា កន្លងទៅនេះ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ដែលមានតម្លៃ ២០០លានដុល្លារ គ្រោងនឹងបើកដំណើរការនៅចុងខែនេះ ឬដើមខែក្រោយ។

ជាក់ស្តែង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលមាន ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ជារដ្ឋលេខាធិការ បានគូសបង្ហាញថា រូបឯកឧត្តម បានឃើញពាក្យស្នើ សុំបើកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រួចហើយ ដែលកំពុងរង់ចាំការអនុម័តចុងក្រោយនេះ។

ឯកឧត្តម បានមានប្រសាសន៍ដែរថា “ខ្ញុំបានធ្វើបច្ចុប្បន្នភាព ជាមួយភាគីអាកាសយានដ្ឋាន ហើយពួកគេបានស្នើសុំបើកនៅចុងខែនេះ។ នេះជាការស្នើឡើងវិញ ព្រោះគេធ្លាប់ស្នើសុំម្ដងរួចហើយ ដែលនៅពេលនោះ មានបញ្ហាបច្ចេកទេសខ្លះ។ ឥឡូវនេះក្រុមហ៊ុនបានបញ្ចប់ រាល់បញ្ហាបច្ចេកទាំងអស់នេះហើយ។ សម្រាប់ការចាប់ផ្តើមប្រតិបត្តិការនេះ ប្រហែលជាមិនទាន់មាន ជើងហោះហើរធំណាមួយនៅឡើយទេ។ ហើយប្រសិនបើ មិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានតារាសាគរ នឹងបើកនៅចុងខែនេះ ឬដើមខែក្រោយ។”

គួររម្លឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ២០០លានដុល្លារ (ដំណាក់កាលទី១) ដោយក្រុមហ៊ុនចិន Union Development Group។ អាកាសយានដ្ឋាននេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២១៨ ហិកតា និងបានកំណត់ទុកជិត១០០០ ហិកតាសម្រាប់ ការអភិវឌ្ឍគម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្ន អាកាសយានដ្ឋាននេះ ត្រូវបានសាងសង់ជិតរួចរាល់ ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ សម្រាប់ដំណើរការជើងហោះហើរ ក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលយន្តហោះប្រភេទ 4E ដូចជាយន្តហោះ Boeing-777 និង Airbus A-340/A-350 ជាដើម។

 

ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល